កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងជាអនុប្រធានក្រុមអនុវត្ត PIU-2 បានធ្វើជាប្រធានគណៈអធិបតីក្នុងកម្មវិធីបើកវគ្គសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំជូនគ្រូបង្គោលលើការអប់រំស្ទែម សម្រាប់ធ្វើ CPD ជូនគ្រូបង្រៀនស្ទែម មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាព័ត៌វិទ្យា សម្រាប់ការបង្រៀន និងរៀននៅមធ្យមសិក្សាទុតិយភូមិ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ មីនា ឆ្នាំ២០២៥ នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ នៅក្នុងវគ្គសិក្ខាសាលានេះ មានសមាសភាពចូលរួមដូចជា៖ គ្រូឧទ្ទេសបង្គោល អ្នកសម្របសម្រួល ទីប្រឹក្សាជាតិ-អន្តរជាតិ និងអ្នកជំនាញ EMCAST សរុបចំនួន៥៧រូប ស្រី១៥រូប។
នៅក្នុងកម្មវិធីបើកវគ្គសិក្ខាសាលា ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកចំណេះដឹង លើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការប្រើប្រាស់AI និងការប្រើប្រាស់វិធីសាស្ត្រថ្មីៗលើការរៀន-បង្រៀន និងការស្រាវជ្រាវទាំងនៅកម្រិតមធ្យមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ ក្រៅពីនេះ ឯកឧត្តមនាយកក៏បានណែនាំដល់គ្រូឧទ្ទេសទាំងអស់ឱ្យអភិវឌ្ឍធនាគារសំណួរតាមលំនាំតេស្តPISA ដើម្បីធ្វើការវាយតម្លៃលទ្ធផល សិក្សារបស់សិស្ស និងគរុនិស្សិតផងដែរ។