រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីបើក ពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ ពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ សម្រាប់ឆ្នាំ២០២៥នេះ មានរយៈពេលបីថ្ងៃ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណង (១) ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមរយៈការផលិតសម្ភារឧបទេសបង្រៀន ផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (២) ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក (៣) លើកកម្ពស់សមត្ថភាពស្រាវជ្រាវដល់គរុនិស្សិត ក្នុងការសរសេរសៀវភៅសិក្សាគោល សៀវភៅកិច្ចតែងការបង្រៀន សៀវភៅលំហាត់/សៀវភៅពិសោធ និងនវានុវត្តន៍ (៤) បង្កើតឱកាសប្រឡងប្រណាំងក្នុងការផលិតនិងប្រើប្រាស់សម្ភារៈរៀននិងបង្រៀន (៥) ជំរុញឱ្យគរុនិស្សិតចេះផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ត ជាក់ ស្ដែង និង (៦) បង្កើតឱ្យមានឥរិយាបថចូលរួមយ៉ាងសកម្ម ក្នុងការផលិតសម្ភារៈសម្រាប់ការរៀន ការបង្រៀន និងការស្រាវជ្រាវ។
ពិព័រណ៍អប់រំឆ្នាំ២០២៥នេះ មានប្រធានបទស្រាវជ្រាវរបស់គរុនិស្សិតចំនួន៧៩ ដោយបែងចែកជា៥បណ្តុំរួមមាន៖ (១) សៀវភៅលំហាត់/សៀវភៅពិសោធន៍ ចំនួន២៨ប្រធានបទ ស្មើនឹង៣៥.៤% (២) សៀវភៅកិច្ចតែងការបង្រៀន ចំនួន២០ប្រធានបទ ស្មើនឹង២៥.៣% (៣) នវានុវត្តន៍ ចំនួន១៨ប្រធានបទ ស្មើនឹង២២.៨% (៤) ការផលិតសម្ភារឧបទេស ចំនួន៨ប្រធានបទ ស្មើនឹង១០.១% និង (៥) សៀវភៅសិក្សាគោល ចំនួន៥ប្រធានបទ ស្មើនឹង៦.៣% ដែលនឹងផ្តល់ឱ្យគរុនិស្សិតនូវគុណតម្លៃចំនួន៣ រួមមាន៖ (១) អភិវឌ្ឍសមត្ថ ភាពគរុនិស្សិតក្នុងការសរសេរសៀវភៅសិក្សាគោល សៀវភៅកិច្ចតែងការបង្រៀន សៀវភៅលំហាត់/សៀវភៅពិសោធន៍ សម្ភារឧបទេស និងនវានុវត្តន៍បែបឌីជីថល និងបញ្ញាសិប្ប និមិ្មត (២) ធ្វើការងារជាក្រុម មានស្មារតីសាមគ្គីភាព ការគិតបែបស៊ីជម្រៅ និងការដោះស្រាយបញ្ហាជាក់ស្តែងសម្រាប់ការរៀននិងបង្រៀន និង (៣) បណ្ដុះគរុនិស្សិតឱ្យមានគំនិតច្នៃប្រឌិត និងឱ្យក្លាយជាគ្រូបង្រៀនពេញលេញនាពេលខាងមុខ ក្នុងគោលបំណងរួមចំណែកបណ្តុះធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០៣០ និង២០៥០។