វិជ្ជាជីវៈនាយកសាលា

១. សេចក្តីផ្តើម

   ដើម្បីឆើ្លយ​តប​ទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដា្ឋភិបាលនីតិកាល   ទី៦​នៃ​​រដ្ឋសភា ​ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ ដោយ​​ឈរ​លើគោលនយោបាយអប់រំចំនួនពីរ ដែលក្នុងនោះគោលនយោបាយមួយ​បាន​លើកឡើងពីការធានាភាព​ស័កិ្ត​សិទិ្ធ​​នៃភាពជាអ្នកដឹកនំា និងគ្រប់គ្រងរបស់មន្រ្តីអប់រំ​គ្រប់លំដាប់​ថ្នាក់។

   ក្រសួង ក៏បានដាក់ចេញនូវវិធានការអាទិភាពនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែល​​រួមមាន៨ចំណុច នៅឆ្នាំ២០១៣ និង១៥ចំណុចនៅឆ្នាំ២០១៤ ដោយឈរលើសរសរស្តម្ភ​៥ ក្នុង​នោះ សរសរ​ស្តម្ភទី១ បានកំណត់​ឱ្យ​អនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ដែលផ្តោត​សំខាន់លើ​ការ​បង្កើនគុណវុឌ្ឍិ និងបទពិសោធបុគ្គលិកអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈ ការរៀប​ចំ​គន្លង​អាជីព​គ្រូបង្រៀន និង​ការពង្រឹងអភិបាលកិច្ចតាមគ្រឹះស្ថានសិក្សា តាមរយៈរៀបចំស្តង់ដា និង​បណ្តុះ​បណ្តាល​នាយក​សាលា​រៀនផ្អែកតាមយុទ្ធសាស្ត្រទី៨នៃគោលនយោបាយស្តីពីគ្រូបង្រៀន គឺការពង្រឹង​ប្រសិទ្ធ​ភាព​ជា​អ្នក​ដឹក​នាំសាលារៀន។ ជាមួយគ្នានេះ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤ ស្តីពី​គុណ​ភាព​អប់រំ បាន​កំណត់​ចំ​ណុច​ដៅ​ថា យ៉ាង​យូរឆ្នាំ​២០៣០ នឹងបង្កើន​ឱ្យបាននូវការបញ្ជូន​គ្រូដែល​មានគុណ​វុឌ្ឍិ​គ្រប់គ្រាន់​ឱ្យទៅ​គ្រប់​សា​លារៀនទាំងអស់។ ផ្អែកតាមគោលដៅនេះ នាយកសាលារៀន ក៏ត្រូវ​មាន​គុណវុឌ្ឍិគ្រប់គ្រាន់ សមត្ថ​ភាព ភាពច្នៃប្រឌិតខ្ពស់ និងការប្រាស្រ័យទាក់ទងល្អ សម្រាប់ផ្តល់សេវាអប់រំ​ប្រកបដោយ​គុណភាព និង​​ភាពឆ្លើយតប។

   ក្របខ័ណ្ឌសមត្ថភាពនាយកសាលាអាស៊ានបានកំណត់ថា នាយកសាលាគឺជាអ្នក​បញ្ជា​​​​ក្នុង​     ដំ​ណើរការប្រចាំថ្ងៃរបស់​សាលារៀន និងចាំបាច់ត្រូវមានក្របខ័ណ្ឌសមត្ថភាព​ចំ​នួន៥គឺ៖ (១) ជា​បុគ្គ​លិក​​ឆ្នើម ឬជាបុគ្គលប្រកបដោយឧត្តមភាព (Personal Excellence) (២) ជាគ្រូ​ឧទ្ទេស​ឆ្នើម អ្នក​ចង្អុល​បង្ហាញ​​​ដ៏ល្អ ឬជាអ្នកគ្រប់គ្រងលើការបង្រៀននិងរៀន (Instructional Leadership) (៣) ជា​អ្នក​គ្រប់គ្រងឆ្នើម ឬអ្នកដឹកនាំឆ្នើម (Managerial Leadership) (៤) ជាអ្នក​មានគំនិត​ជាយុទ្ធ​សាស្ត្រ ច្នៃប្រឌិត និងនវានុវត្តន៍ (Strategic Thinking and Innovation) និង (៥) ជាអ្នកមាន​ទំនាក់​ទំ​​នង​ល្អជាមួយភាគីពាក់ព័ន្ធ (Stakeholder Engagement)។

   គុណភាពអប់រំគឺជាគុណភាពគ្រូបង្រៀន និងគុណភាពនាយកសាលារៀន។ ក្នុងន័យនេះ​       កំ​ណែ​​​​ទម្រង់វិស័យអប់រំនាពេលបច្ចុប្បន្នផ្តោតទៅលើការពង្រឹងការគ្រប់គ្រងសាលារៀន ការពង្រឹង​គុណ​ភាព​​គ្រូ និង​ការកែលម្អការបង្រៀននិងរៀន ដោយផ្តល់ឱ្យសាលារៀននូវស្វ័យភាពហិរញ្ញវត្ថុ និង​ការ​​ទទួល​​ខុសត្រូវ​ចំពោះលទ្ធផលសិក្សារបស់សិស្ស។ នាយកសាលាមានសិទ្ធិទទួល ឬបដិសេធ និង​បញ្ឈប់​​​​បុគ្គលិក​តាម​កិច្ច​សន្យា និង​មានសិទ្ធិលើកសំណើរ លើក​ទឹក​ចិត្តដល់បុគ្គលិកជាប្រចាំ មានប្រាក់​ឧបត្ថម្ភទៅ​តាម​ទំហំ​ការងារ មាន​ការ​លើកទឹកចិត្តដោយគិត​ពី​អតីត​ភាពការងារជានាយក និងលទ្ធផល​ការងារ៥ឆ្នាំឡើង​ស័ក្តម្តង និងផ្តល់​ឯក​សណ្ឋានតាមឋានៈ។

   ឆ្លើយតបទៅនឹងការរីកចម្រើន និងបញ្ហាខាងលើ ក្រសួងបាន​កំណត់​​ស្តង់ដា​នាយក​សា​លា​​រៀន​ដែលផ្តោតជាសំខាន់លើគុណវុឌ្ឍិនិងបទពិសោធការងារ ការគិត​បែប​យុទ្ធសាស្ត្រនិង​នវានុ​វត្តន៍ ភាពជា​អ្នកដឹកនាំនិងគ្រប់គ្រងរដ្ឋបាលសាលារៀន​ ភាពជាអ្នកដឹកនាំ​លើកម្ម​វិធី​សិក្សា ការ​បង្រៀន​និងការរៀន តាមបរិបទថ្មីក្នុងសតវត្សទី២១ ឧត្តមភាពរបស់នាយកសាលារៀន និងការផ្សារភ្ជាប់​សាលា​រៀននឹង​សហ​​គមន៍ ព្រមទាំងបង្កឱ្យមានលទ្ធភាពអភិវឌ្ឍខ្លួនពេញមួយជីវិត និងមានលទ្ធភាព​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈមថ្មីៗ ក្នុងគោលដៅពង្រឹង​ការផ្តល់សេវាអប់រំប្រកបដោយគុណភាព ភាពឆ្លើយតប និង​សុខដុម​  នីយ​កម្ម​ក្នុង​អង្គភាព។

២. ចក្ខុវិស័យ

      គណៈគ្រប់គ្រងឬនាយកសាលារៀនប្រកបដោយសមត្ថភាព មនសិការវិជ្ជាជីវៈ​ និងភាពជាអ្នក ដឹក​​​នាំ ដែលផ្ដល់ការគាំទ្រដល់គ្រូបង្រៀន​ឱ្យទទួលបានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងអ្នកសិក្សាឱ្យ ទទួលបានការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាបន្ន រួមចំណែកដល់ការអភិវឌ្ឍ​សង្គម​ពុទ្ធិ​ប្រកបដោយចីរភាព។                     

៣. បេសកកម្ម            

ផ្ដល់នូវចំណេះដឹង និងជំនាញច្បាស់លាស់​លើ​​ការគ្រប់គ្រង និងការដឹកនាំសាលារៀន ប្រកប ដោយប្រសិទ្ធភាព

៤. គោលបំណង            

ក្របខ័ណ្ឌកម្មវិធីសិក្សានេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុងគោលបំណង៖

  • អភិវឌ្ឍ​សមត្ថភាព​វិជ្ជា​ជីវៈ​ដល់​គណៈគ្រប់គ្រង ឬនាយកសាលាមធ្យមសិក្សាទុតិយភូមិ​ស្រប​តាមស្ដង់ដាតំបន់ និងអន្តរជាតិ
  • តម្រង់ទិសដល់ការដឹកនាំ និងការគ្រប់គ្រង ឆ្ពោះទៅបំពេញបាន​នូវស្តង់ដា​សាលារៀន​មាន​ប្រសិទ្ធភាព ដែលធានាបាននូវលទ្ធផលសិក្សាល្អសម្រាប់សិស្សនុសិស្ស។

៥. វិសាលភាព

ក្របខ័ណ្ឌកម្មវិធីសិក្សានេះ មានវិសាលភាពអនុវត្តចំពោះ គណៈគ្រប់គ្រងសាលារៀន ដែលរួម​មាន​​​នាយក នាយិកា នាយករង និងនាយិការង​ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

៦. រយៈពេល និងកាលវិភាគសិក្សា

ក្របខ័ណ្ឌកម្មវិធីសិក្សានេះ មានរយៈពេល០១ឆ្នាំ និងត្រូវចែកចេញជា០២ផ្នែកធំៗគឺ ការ​សិក្សា​ស្រាវ​ជ្រាវក្នុងថ្នាក់មានរយៈពេល០៦ខែ និងការចុះធ្វើកម្មសិក្សាស្រាវជ្រាវ​ដើម្បីសរសេរនិក្ខេបបទ​មាន   ​រយៈ​ពេល០៦ខែ។ រីឯកាលវិភាគសិក្សាវិញ ក៏ត្រូវបានបែងចែកជា០២ប្រ​ភេទ​ សម្រាប់​អ្នកសិក្សា​ជ្រើស​រើសដែរ គឺការសិក្សាក្នុងសប្តាហ៍ (ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) និងការសិក្សាចុងសប្តាហ៍ (ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ)។

៧. ការកំណត់ក្រេឌីតសិក្សា     

ក្របខ័ណ្ឌនៃកម្ម​វិធី​សិក្សា​នេះ មានចំនួន៤៨ក្រេឌីត និងតម្រូវឱ្យអ្នកសិក្សាចំណាយពេល ០១​ឆ្នាំ​ ដើម្បី​បញ្ចប់ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ វិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ ​នៅវិទ្យា​ស្ថាន​​ជាតិ​អប់​រំ។ ក្នុងរយៈពេល០១ឆ្នាំ​នេះ អ្នក​សិក្សា​ត្រូវ​ធ្វើការសិក្សា និងស្រាវជ្រាវលើមុខវិជ្ជាចំនួន ០៨ ដែល​ចែកជាម៉ូឌុលសរុបចំនួន២១ ស្មើនឹង៤២ក្រេឌីត និង​ការសរ​សេរ​​និក្ខេប​បទ​ដែល​មាន​ចំនួន​០៦​ក្រេ​ឌីត​។ ដើម្បីទទួលបាន០១ក្រេឌីត អ្នកសិក្សា​ត្រូវ​ចំ​ណាយ​ពេល១៥ម៉ោង ដោយសិក្សាផ្ទាល់​ជាមួយ​សាស្ត្រា      ​ចារ្យ​ក្នុងថ្នា្កក់ ឬ៣០ម៉ោង ដោយអនុវត្តក្នុងមន្ទីរពិសោធន៍ ឬ៤៥ម៉ោង ដោយធ្វើស្វ័យសិក្សាខ្លួនឯង។

៨. ប្រព័ន្ធចំណាត់ថ្នាក់ពិន្ទុ (GPA)

អ្នកសិក្សាទាំងអស់ ត្រូវធ្វើការប្រឡងលើគ្រប់មុខវិជ្ជាដែលបានរៀបចំដោយផ្ទាល់ពីសាស្ត្រាចារ្យដែលបង្រៀនមុខវិជ្ជាទាំងនោះ។ វិទ្យាស្ថានជាតិអប់រំ ធ្វើការកំណត់ថាសម្រាប់អ្នកប្រឡងជាប់ ត្រូវ​មាន​មធ្យមភាគពិន្ទុនិទ្ទេសចាប់ពី២.៥០ ឡើងទៅ (ក្នុងប្រព័ន្ធ ៤.០០) ឬ និទ្ទេស C+ ទើបអាច​ផ្តល់ជូន ឬ​បញ្ជាក់ជូនសញ្ញាបត្របាន។ ខាងក្រោមនេះ គឺជាប្រព័ន្ធដាក់ពិន្ទុ និងការផ្តល់និទ្ទេស។

រូបមន្តក្នុងការគណនារកមធ្យមពិន្ទុនិទ្ទេសគឺ មធ្យមភាគពិន្ទុនិទ្ទេស ស្មើនឹងផលបូក​នៃផល​គុណ​​រវាងពិន្ទុនិទ្ទេស (P) គុណនឹងតម្លៃក្រេឌីត (C) ចែកនឹងផលបូកនៃចំនួនក្រេឌីតគ្រប់មុខវិជ្ជា។

សមាសភាគ​ភាគ​រយ

ឬថ្នាក់ពិន្ទុ

ពិន្ទុ​តាម​កម្រិត

ឬពិន្ទុនិទ្ទេស

សញ្ញា​ពិន្ទុ​ជា​អក្សរ ឬថ្នាក់និទ្ទេស ការ​បរិយាយ
៨៥-១០០ ៤.០០ A ល្អ​ប្រសើរ
៨០-៨៤ ៣.៥០ B+ ល្អណាស់
៧០-៧៩ ៣.០០ B ល្អ​
៦៥-៦៩ ២.៥០ C+ ល្អបង្គួរ
៥០-៦៤ ២.០០ C មធ្យម​
៤៥-៤៩ ១.៥០ D ខ្សោយ
៤០-៤៤ ១.០០ E ខ្សោយណាស់
០-៣៩ ០.០០ F ធ្លាក់

៩. ការសរសេរនិក្ខេបបទ ការធ្វើសិក្ខាសាលា បាឋកថា និងសកម្មភាពផ្សេងៗ

៩.១. ការសរសេរនិក្ខេបបទ

អ្នកសិក្សា តម្រូវឱ្យចុះប្រមូលទិន្នន័យ​ដើម្បីសរសេរ​និក្ខេបបទ​ ​បំ​ពេញ​​លក្ខខណ្ឌនៃការសិក្សា និង​តម្រូវឱ្យធ្វើបទបង្ហាញ​លទ្ធផលស្រាវជ្រាវ​តាមដំណាក់កាល​ដែល​កំណត់​ក្នុង​ផែនការបណ្ដុះបណ្ដាល។ និក្ខេប​​ប​ទ ​​ត្រូវមានចំនួនកំណត់យ៉ាងតិច ៦០ទំព័រ ដោយ​មិន​គិត​ពី​ឧបសម្ព័ន្ធ ​និងឯកសារយោង។

៩.២. សិក្ខាសាលាឬបាឋកថា

អ្នកសិក្សា តម្រូវឱ្យចូលរួមសិក្ខាសាលា ឬបាឋកថាកម្រិតគ្រឹះស្ថានសិក្សា កម្រិតជាតិ ឬអន្តរជាតិ យ៉ាងតិច០១ដងក្នុងវគ្គសិក្សា។

១០. សុចរិតភាពនៃការសិក្សា

អ្នកសិក្សា ត្រូវបង្ហាញ​នូវ​សុចរិតភាពនៃ​ការ​សិក្សា​​របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ចាប់តាំងពីពេល​ចូល​រៀន ​រហូត​ដល់ចុងបញ្ចប់​នៃ​ការសិក្សា​។ ក្នុងន័យនេះ អ្នកសិក្សា មិនត្រូវដកស្រង់គំនិត សរសេរ ឬចម្លង​ស្នា​ដៃ​ផ្សេងៗ​ របស់​អ្នក​ដទៃ​មកធ្វើជាគំនិត ជាស្នាដៃ ឬជាកម្មសិទ្ធិរបស់ខ្លួនឡើយ បើគ្មានការបញ្ជាក់​ពី​ប្រភព​​ច្បាស់​​លាស់នៃឯក​សារ​​​​យោង ឬឯកសារពិគ្រោះ។ បើពុំនោះទេ នឹងត្រូវប្រឈម​នឹង​ការទទួល​ពិន័យ ការដាក់​ឱ្យ​រៀន​ត្រួតថ្នាក់ ឬរៀនមុខវិជ្ជានោះឡើងវិញ​ ឬបើធ្ងន់ធ្ងរជាងនេះ នឹងត្រូវលប់ឈ្មោះ​ចេញ​ពីបញ្ជី​ឈ្មោះ​និស្សិត។

១១. រចនាសម្ព័ន្ធនៃក្របខ័ណ្ឌកម្មវិធីសិក្សា

     ១១.១. លក្ខណៈសម្បត្តិដើម្បីទទួលសញ្ញាបត្រ

ក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាលនេះ មានចំនួន៤៨ក្រេឌីត និងចែកចេញជា៖

(១) មុខវិជ្ជាសិក្សាចំនួន០៨មុខវិជ្ជា ស្មើ៤២ក្រេឌីត។ មុខវិជ្ជាទាំង០៨ នេះ ត្រូវ​​បានបង្រៀន

​​​​ក្នុងគោល​​បំណង ផ្តល់ចំណេះដឹង ជំនាញ និង​ឥរិយា​​​បទ​​​សំខាន់ៗ​ ក្នុង​ការ​ប្រតិ​បត្តិ អាជីព​ ​ជា​នាយកសាលា។

(២) ការសរសេរនិក្ខេបបទ បន្ទាប់ពីបញ្ចប់មុខវិជ្ជាសិក្សាទាំង០៨ ខាងលើ។ និស្សិត​ទាំង​អស់

​តម្រូវឱ្យធ្វើគម្រោងស្រាវជ្រា​​វ ធ្វើ​កម្ម​សិក្សាប្រតិបត្តិ និង​សរសេរ​និក្ខេប​បទ ក្នុង​គោល​បំណងផ្តល់ឱកាសដល់អ្នកសិក្សា ដើម្បីសិក្សា និងដក​​​ស្រង់ប​ទ​​ពិសោធ​ពី​ការគ្រប់គ្រង​សាលារៀ​ន​​​រៀងៗខ្លួន និងនិក្ខេបបទ​ ដែល​មាន​០៦ក្រេឌីត​ ដោយ​តម្រូវ​ឱ្យ​ធ្វើការពារ​និក្ខេបបទសម្រាប់បំពេញលក្ខខណ្ឌនៃការសិក្សា។

 

     ១១.២.  មុខវិជ្ជាសិក្សា

លរ ចំណងជើងមុខវិជ្ជា និងម៉ូឌុល ម៉ោង ក្រេឌីត
គំនិតជាយុទ្ធសាស្ត្រ និងនវានុវត្តន៍
មុខវិជ្ជាទី១.១៖ ទស្សនៈវិទ្យានៃការអប់រំ ច្បាប់ និងគោលនយោបាយអប់រំ ៣០ ២ (២-០-៦)
មុខវិជ្ជាទី១.២៖ ផែនការ និងយុទ្ធសាស្ត្រក្នុងវិស័យអប់រំ ៤៥ ៣ (៣-០-៩)
មុខវិជ្ជាទី១.៣៖ ការលើកទឹកចិត្ត៖សិល្បៈនៃការដឹកនាំនិងគ្រប់គ្រងសាលារៀន ៣០ ២ (២-០-៦)

 

ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល​​​ (១)៖ ការគ្រប់គ្រងធនធាន
មុខវិជ្ជាទី២.១៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក ៣០ ២ (២-០-៦)
មុខវិជ្ជាទី២.២៖ ការគ្រប់គ្រងធនធានសម្ភារៈ និងហិរញ្ញវត្ថុ ៣០ ២ (២-០-៦)
មុខវិជ្ជាទី២.៣៖ ការគ្រប់គ្រងគម្រោង និងកម្មវិធីរបស់សាលារៀន ៣០ ២ (២-០-៦)

 

ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល (២)៖ ការលើកកម្ពស់ការបង្រៀន និងរៀន
មុខវិជ្ជាទី៣.១៖​​​ ការដឹកនាំការអនុវត្ត និងកែលម្អកម្មវិធីសិក្សា ៣០ ២ (២-០-៦)
មុខវិជ្ជាទី៣.២៖ ការបង្កើតបរិស្ថានសិក្សាតាមបែបសិស្សមជ្ឈមណ្ឌល ៣០ ២ (២-០-៦)
មុខវិជ្ជាទី៣.៣៖ ការពិនិត្យកែលម្អ និងវាយតម្លៃការបំពេញការងាររបស់គ្រូ ៣០ ២ (២-០-៦)

 

ឧត្តមភាពបុគ្គល
មុខវិជ្ជាទី៤.១៖ ការគ្រប់គ្រងប្រសិទ្ធភាពបុគ្គល ១៥ ១ (១-០-៣)
មុខវិជ្ជាទី៤.២៖ ស្តង់ដានាយកសាលារៀន ១៥ ១ (១-០-៣)
មុខវិជ្ជាទី៤.៣៖ ស្តង់ដាគ្រូបង្រៀន ១៥ ១ (១-០-៣)
មុខវិជ្ជាទី៤.៤៖ ក្រមសីលធម៌វិជ្ជាជីវៈរបស់នាយកសាលា ៣០ ២ (២-០-៦)

 

ការចូលរួមរបស់ភាគីពាក់ព័ន្ធ
មុខវិជ្ជាទី៥.១៖ ការលើកកម្ពស់ភាពទទួលខុសត្រូវចំពោះសាលារៀន ១៥ ១ (១-០-៣)
មុខវិជ្ជាទី៥.២៖ ការគ្រប់គ្រងបណ្តាញ និងសម្ព័ន្ធភាពអប់រំ ១៥ ១ (១-០-៣)
មុខវិជ្ជាទី៥.៣៖ ការរក្សានិរន្តរភាពទំនាក់ទំនង និងសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ១៥ ១ (១-០-៣)

 

អធិការកិច្ចសាលារៀន
មុខវិជ្ជាទី៦.១៖ ប្រព័ន្ធអធិការកិច្ច និងការវាយតម្លៃ ៤៥ ៣ (៣-០-៩)
មុខវិជ្ជាទី៦.២៖ ស្វ័យវាយតម្លៃសាលារៀន ៤៥ ៣ (៣-០-៩)

 

ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ
មុខវិជ្ជាទី៧.១៖ បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យអប់រំ ៤៥ ៣ (៣-០-៩)
មុខវិជ្ជាទី៧.២៖ ភាសាបរទេសសម្រាប់ទំនាក់ទំនងវិជ្ជាជីវៈនិងការ​​​ស្រាវ​​ជ្រាវ ៤៥ ៣ (៣-០-៩)

 

វិធីសាស្ត្រនៃការស្រាវជ្រាវក្នុងវិស័យអប់រំ
មុខវិជ្ជាទី៨.១៖ ការសិក្សាស្រាវជ្រាវប្រតិបត្តក្នុងការរៀននិងបង្រៀន ៤៥ ៣ (៣-០-៩)

 

ក្រេឌីតសម្រាប់ការរៀនតាមមុខវិជ្ជា និងតាមម៉ូឌុលនៅក្នុងថ្នាក់ ៦៣០ ៤២
ការពារគម្រោងស្រាវជ្រាវ  កម្មសិក្សាប្រតិបត្តិនិងសរសេរ       និក្ខេប​បទ ៩០
សរុប ៧២០ ៤៨

១១.៣. ការកំណត់ និងការវាយតម្លៃ ដើម្បីផ្ទេរក្រេឌីតសិក្សា

  • អ្នកសិក្សាអាចផ្ទេរចំនួនក្រេឌីតដែលបានសិក្សាលើមុខវិជ្ជាដូចក្នុងកម្មវិធីសិក្សាខាងលើដើម្បីទទួលវិញ្ញាបនបត្រវិជ្ជាជីវៈនាយកសាលារៀន។
  • អ្នក​សិក្សា ​ដែលបាន​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ដែលមានមុខវិជ្ជា​សមមូល​​​ទៅ​នឹង​មុខវិជ្ជាថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិអាច​ដាក់​ពាក្យ​សុំ​​ផ្ទេរ​ក្រេ​ឌីត​​​បាន​។
  • ការផ្ទេរក្រេឌីតអាចផ្តល់ឱ្យអ្នកសិក្សាណាដែលបានដាក់ពាក្យសុំតែប៉ុណ្ណោះ ហើយអាចផ្ទេរបានច្រើនបំផុតត្រឹមតែ០៩ក្រេឌីត។
  • អ្នកសិក្សាត្រូវតែដាក់ច្បាប់ចម្លងនៃកម្មវិធីសិក្សាសង្ខេប ដោយភ្ជាប់ជាមួយនូវព្រឹត្តិបត្រពិន្ទុសម្រាប់មុខវិជ្ជាណាដែលបានសុំផ្ទេរក្រេឌីត។

១២. ការពិពណ៌នាអំពីមុខវិជ្ជាសិក្សា

មុខវិជ្ជាទី១៖ គំនិតជាយុទ្ធសាស្ត្រ និងនវានុវត្តន៍ (០៧ក្រេឌីត)

មុខវិជ្ជានេះ ផ្តល់នូវយុទ្ធសាស្ត្រក្នុងការធ្វើផែនការអភិវឌ្ឍន៍សាលារៀនប្រកបដោយប្រសិទ្ធភាព​ដោយមានការចូលរួមកសាង និងអនុវត្តផែនការពីអ្នកពាក់ព័ន្ធនានា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម​​​ក្នុងសាលា ក៏ដូចជាក្នុងវិស័យអប់រំទាំងមូល ស្របតាមនិន្នាការប្រទេសជាតិ តំបន់ និងពិភពលោកដែល​​​កំពុងមានការវិវត្តរីកចម្រើនគួរកត់សម្គាល់។ មុខវិជ្ជានេះ នឹងផ្តល់ដល់សិក្ខាកាមឱ្យចេះធ្វើផែនការ   យុទ្ធ​​​សាស្ត្រ ផែនការសកម្មភាព ផែនការថវិកា ផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការអប់រំនានាដែលទាក់ទង។

មុខវិជ្ជាទី២៖ ការគ្រប់គ្រងសាលារៀន (១)៖​​​ ការគ្រប់គ្រងធនធាន ​(០៦ក្រេឌីត)

មុខវិជ្ជានេះ ផ្តល់នូវចំណេះដឹង និងជំនាញដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រង​ធនធាន​ទាំង​អស់​របស់សាលារៀន ដូចជាការគ្រប់គ្រងធនធានសម្ភារ ថវិកា ការចាត់ចែង និងការគ្រប់គ្រងបុគ្គលិកជា  ដើម​។ ចំពោះការគ្រប់គ្រងបុគ្គលិក អ្នកសិក្សានឹង​ទទួលបាននូវជំនាញគ្រឹះ​ក្នុងការគ្រប់គ្រង​ធនធាន​មនុស្ស ការវាយតម្លៃការងារ និងការគ្រប់គ្រងសាលារៀនរួមមាន៖ ការបង្កើតឱ្យមានវប្បធម៌អនុវត្តការ​ងា​រ ការបង្កើតការងារ និងយន្តការវាយតម្លៃការងារ។ រីឯការគ្រប់គ្រងធនធានសម្ភារ និងថវិកា អ្នកសិក្សា​​នឹងទទួលបានចំណេះដឹងដែលទាក់ទងទៅនឹងក្របខ័ណ្ឌ និងលំនាំនៃការរៀបចំ ការប្រើប្រាស់ និងការពិនិត្យតាមដាន។

មុខវិជ្ជាទី៣៖ ការគ្រប់គ្រងសាលារៀន (២)៖ ការលើកកម្ពស់ការបង្រៀន និងរៀន (០៦ក្រេឌីត)

មុខវិជ្ជានេះ ផ្តល់នូវគោលគំនិតសំខាន់ៗដែលទាក់ទងទៅនឹងកម្មវិធីសិក្សា  ការអភិវឌ្ឍកម្មវិធី​​សិក្សា  និងការអនុវត្តជាក់ស្តែង ក្នុងគោលបំណងដើម្បីបង្កើតឱ្យមានបរិយាកាសនៃការបង្រៀន និងរៀន​​ប្រកបដោយប្រសិទ្ទភាពខ្ពស់នៅតាមសាលារៀន។ គំរូនៃការបង្រៀន និងរៀនតាមបែបទំនើបជាច្រើន​​​ពាក់ព័ន្ធទៅនឹងគោលវិធីសិស្សមជ្ឈមណ្ឌល  ក៏ត្រូវបានយកមកបង្ហាញផងដែរដូចជា៖ វិធីសាស្ត្របង្រៀន​តាម​បែបវិធីវិទ្យាសាស្ត្រ តាមបែបរិះរក (IBL) តាមបែបដោយស្រាយបញ្ហា (Problem Solving)​តាម​បែប​​​​ស្ថាបនានិយម ​​​(Constructivism) តាមបែបផែនទីគំនិត (Concept Map) តាមបែបE-5  (5Es​  Method) និង​​​តាម​​​បែបការអប់រំសម្រាប់ការអភិវឌ្ឍដោយចីរភាព (Education for Sustainable Development) ជាដើម។​​​លើសពីនេះទៅ​​​ទៀត មុខវិជ្ជានេះក៏បានផ្តល់ជូននូវជំនាញ​ជាមូលដ្ឋាន​ដែល​ទាក់​ទង​ទៅនឹងការគ្រប់គ្រង ​​​និងការវាយតម្លៃលើការបំពេញការងារ​របស់គ្រូបង្រៀន​  ព្រមទាំង​បង្កើត  ឱ្យមាននូវបរិស្ថាន​សាលារៀន និងបន្ទប់រៀនដែលអាចធានា​គុណភាពនៃការបង្រៀន និង​រៀន មាន​ការ​ រី​ក​​ចម្រើន។

មុខវិជ្ជាទី៤៖​​​ ឧត្តមភាពបុគ្គល (០៥ក្រេឌីត)

មុខវិជ្ជានេះ  ធ្វើការពណ៌នាជាសំខាន់ទៅលើការបំពេញការងាររបស់នាយកសាលា ដែលគ្រប  ដណ្តប់នូវរាល់គ្រប់ទិដ្ឋភាពនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់ មាន​ក្រម​សីលធម៌វិជ្ជាជីវៈ មានការគិត និងការបង្កើតថ្មីជាលក្ខណៈយុទ្ធសាស្ត្រ និងមានការប្រកួតប្រជែង។​លើសពីនេះទៅទៀត  មុខវិជ្ជានេះក៏បានបង្ហាញអំពីគោលគំនិតទាំងឡាយស្តីអំពីការដឹកនាំសាលារៀន​និងអាកប្បកិរិយាល្អៗរបស់នាយកសាលាដែលជាកត្តាសំខាន់ៗក្នុងការលើកកម្ពស់គុណភាពរបស់គ្រូបង្រៀន និងបុគ្គលិកផ្សេងៗទៀត ក៏ដូចជាសកម្មភាពនៅក្នុងសាលា។

មុខវិជ្ជាទី៥៖ ការចូលរួមរបស់ភាគីពាក់ព័ន្ធ (០៣ក្រេឌីត)

មុខវិជ្ជានេះ  ត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីបង្កើនសមត្ថភាពជំនាញក្នុងការលើកម្ពស់ការចែករំលែកតួនាទី  និងភារកិច្ច សំដៅធ្វើយ៉ាងណាឱ្យសាលាមានការរីកចម្រើន មានបណ្តាញ​ច្បាស់​លាស់ មានកិច្ចសហប្រតិបត្តិការល្អ  និងមានស្ថិរភាពលើទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ តាមរយៈ    បណ្តុះ​​ដល់​​​អ្នកសិក្សាឱ្យចេះពិភាក្សាគ្នា ចេះបង្កើតនូវសេចក្តីជឿទុកចិត្ត ​ចេះដឹកនាំ​សហគមន៍​អភិវឌ្ឍន៍​សាលារៀន ព្រមទាំងបង្ហាញពីរបៀបផ្តល់អំណាចទៅសហគមន៍ដើម្បីលើកកម្ពស់ និងកែលម្អការ​​បំ​ពេញការងារផ្សេងៗ។ មុខវិជ្ជានេះ  ក៏ផ្តល់ដល់អ្នកសិក្សាផងដែរ ពីរបៀបទាក់ទងជាមួយភាគីពាក់ព័ន្ធ និងការគ្រប់គ្រង​​​ទំនាស់នានា ជាពិសេសលើជំនាញក្នុងការចរចា។

មុខវិជ្ជាទី៦៖ អធិការកិច្ចសាលារៀន (០៦ក្រេឌីត)

ការធ្វើអធិការកិច្ចនៅតាមសាលារៀន បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការធ្វើការងារ ​និងការ​​ អភិ​វឌ្ឍ​សាលារៀន។ មុខវិជ្ជានេះ  នឹង​ផ្តោតសំខាន់ទៅលើបញ្ញត្តិនៃប្រព័ន្ធធានាគុណភាពអប់រំ​ដែល​មាន​​​សមាស​ភាពចំនួន៤គឺ៖ (១) ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (២) ការបង្រៀន និងរៀន ​(៣) ​ការ​​ធ្វើ​ឱ្យ​សម្រេចលទ្ធផលសិក្សារបស់សិស្ស និង(៤) ស្វ័យវាយតម្លៃសាលារៀន។

មុខវិជ្ជាទី៧៖ ការអភិវឌ្ឍវិជ្ជាជីវៈ (០៩ក្រេឌីត)

មុខវិជ្ជានេះ ផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹងភាសាអង់គ្លេសលើផ្នែកទំនាក់ទំនង តាមរយៈការ

សរសេរ និយាយ និងស្តាប់ ជាពិសេស  (១) ការធ្វើគារវកិច្ច និងការជម្រាបលា  (២) ការសម្តែងការ

ថ្លែងអំណរគុណ ការសុំអភ័យទោស ការទទួលស្វាគមន៍ និងការអបអរសាទរ (៣) ការបង្ហាញពីតម្រូវការ និងអារម្មណ៍មនោសញ្ចេតនា (៤) ការប្រើប្រាស់ពាក្យ និងឃ្លាក្នុងការទំនាក់ទំនង (៥) ការណែនាំ

ខ្លួន (៦) ការរៀបចំដើម្បីជួបជុំគ្នា (៧) ការស្នើសុំ និងផ្តល់ព័ត៌មាន (៨) ការជជែកអំពីការអប់រំ និងការចាប់អារម្មណ៍ (៩) ការដាក់ពាក្យស្នើសុំ (១០) ការប្រើប្រាស់ទូរសព្ទ (១១) ការសិក្សាពីបែបបទនៃការសរសេរ និងការសរសេរលិខិតផ្លូវការ ជាដើម ។ល។

មុខវិជ្ជានេះលើកឡើងផងដែរពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា  ក្នុងការអប់រំទាំងទ្រឹស្ដី​ និងការអនុវត្តរួមមាន៖ (១) Microsoft Word (២) Microsoft Power Point និង(៣) Microsoft Excel។

មុខវិជ្ជាទី៨៖ វិធីសាស្ត្រនៃការស្រាវជ្រាវក្នុងវិស័យអប់រំ (០៣ក្រេឌីត)

មុខវិជ្ជានេះ នឹងផ្ដោតលើមូលដ្ឋានគ្រឹះវិធីសាស្ត្រស្រាវជ្រាវអប់រំ ដែលរួមមានការស្រាវជ្រាវ​តាម​បែបគុណវិស័យ និងបរិមាណវិស័យ ការជ្រើសរើសសំណាកគំរូ ក្រមសីលធម៌ក្នុងការស្រាវជ្រាវ ឧប​ករណ៍​ស្រាវជ្រាវ និងការវិភាគលទ្ធផលស្រាវជ្រាវ ក្នុងគោលបំណងបង្កើនសមត្ថភាព​អ្នកសិក្សា​ក្នុង​ការ​វិភាគត្រិះរិះពិចារណា និងដើម្បីពង្រឹងយុទ្ធសាស្ត្រឱ្យទទួលបាន​លទ្ធផលល្អប្រសើរ​ក្នុងការ​អប់​រំ​។ ការ​កំ​ណត់និងការវាយតម្លៃលើបញ្ហាស្រាវជ្រាវ ការប្រើប្រាស់ធនធានបណ្ណាល័យ ការប្រមូលទិន្នន័យ និង​ការ​សរសេររបាយការណ៍ស្រាវជ្រាវ ឬនិក្ខេប​បទ ជាចំណុចសំខាន់ក្នុងមុខវិជ្ជានេះ។ អ្នកសិក្សាអាច៖

  • កំណត់វិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ គុណវិស័យ ភាពស្រដៀងនិងភាពខុសគ្នា និង​ការ​លើកភស្ដុតាងមួយចំនួនមកប្រើប្រាស់នៅក្នុងទម្រង់នៃការស្រាវជ្រាវនីមួយៗ។
  • វិភាគបញ្ហាស្រាវជ្រាវ និងទាញចេញនូវសំណួរស្រាវជ្រាវ​ពាក់ព័ន្ធ​ទៅនឹង​ការអប់រំ​សម្រាប់​ធ្វើ​ការ​សង្កេត។
  • ប្រើប្រាស់គោលការណ៍ស្រាវជ្រាវដើម្បីបង្កើតការចង្អុលបង្ហាញអំពីសំណួរស្រាវជ្រាវ។
  • កំណត់និងជ្រើសរើសទ្រឹស្ដី និងបញ្ញត្តិជាមូលដ្ឋានសម្រាប់បញ្ហាស្រាវជ្រាវ។​
  • រៀបចំគម្រោងសិក្សាស្រាវជ្រាវ។​

ការការពារគម្រោងស្រាវជ្រាវ កម្មសិក្សាប្រតិបត្តិ និងការសរសេរ​និក្ខេប​បទ​ (០៦ ក្រេឌី​ត)

កម្មសិក្សាប្រតិបត្តិដែលមានតម្លៃសិក្សាចំនួន០៦ក្រេឌីត ត្រូវបានដាក់បញ្ចូលក្នុងគោលបំណងដើម្បី ពង្រឹងសមត្ថភាពជំនាញក្នុងការគ្រប់គ្រងគ្រឹះស្ថានសិក្សាមួយ ឱ្យក្លាយទៅជាគ្រឹះស្ថានប្រកប​ដោយ​​​​វិជ្ជាជីវៈខ្ពស់ តាមរយៈការប្រឡូកការងារ​ផ្ទាល់នៅគ្រឹះស្ថានណាមួយ។​ បន្ទាប់មក ​អ្នកសិក្សាទាំង​អស់តម្រូវឱ្យធ្វើបទបង្ហាញនិងឡើងការពាររបាយការណ៍កម្មសិក្សាឬនិក្ខេបបទរបស់ពួកគេសម្រាប់ការវាយតម្លៃបំពេញលក្ខខណ្ឌសិក្សា។

១៣. ការវាយតម្លៃការបណ្តុះបណ្តាល

ការវាយតម្លៃនៃការបណ្តុះបណ្តាល គឺជាចំណុចសំខាន់ក្នុងការវាស់ស្ទង់ពីអ្វីដែលអ្នកសិក្សា​អាច​ទទួលបានពីការបណ្តុះបណ្តាលដោយធៀបទៅនឹងវត្ថុបំណងនៃមេរៀននីមួយៗ។​ វិធីសាស្ត្រ​វាយ​តម្លៃទាំងនោះ រួមមាន៖

  • ការចូលរួមពិភាក្សា
  • កិច្ចការផ្ទះ (ការធ្វើកិច្ចការជាក្រុម ជាដៃគូ និងជាបុគ្គល)
  • ការធ្វើបទបង្ហាញ
  • ការប្រឡងត្រួតពិនិត្យ និងការប្រឡងបញ្ចប់មុខវិជ្ជា
  • ការការពារនិក្ខេបបទ
  • ការប្រឡងបញ្ចប់ការបណ្ដុះបណ្ដាល

ឯកសារយោង

វិទ្យាស្ថានជាតិអប់រំ (២០១៨) ផែនការយុទ្ធសាស្រ្តវិទ្យាស្ថានជាតិអប់រំ២០១៩២០២៣  ភ្នំពេញ    វិទ្យាស្ថានជាតិអប់រំ។

វិទ្យាស្ថានជាតិអប់រំ (២០១៩) បទប្បញ្ញត្តិស្តីពីការបណ្តុះបណ្តាលឯកទេសវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ   ភ្នំពេញ វិទ្យាស្ថានជាតិអប់រំ។

SEAMEO INNOTECH. (2010). Teaching Competency Standards in Southeast Asian   Countries. Philippines: Regional Education Project Series.

National Institute of Education international. (2020). Report on the Review of NIE-C’s   PRESETT and INSETT Curriculums. Singapore: National Institute of Education International​.

 

 

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist