កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីសោមនស្សរីករាយបានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាសុខភាពផ្លូវចិត្តស្តីពី “ភាពធន់ផ្លូវចិត្តគ្រូបង្រៀន៖ ការលើកកម្ពស់តុល្យភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯង” ដល់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ នៃវិទ្យាស្ថានជាតិអប់រំ។ នៅក្នុងកម្មវិធីសកម្មភាពចែករំលែកដោយ លោកស្រី ហុង ណៃស៊ីម បានលើកឡើងនូវខ្លឹមសារសំខាន់ៗដូចជា គោលគំនិតសំខាន់ៗដែលទាក់ទងនឹងសុខភាពផ្លូវចិត្តគ្រូបង្រៀន ដូចជា ភាពធន់ផ្លូវចិត្តនិងសារៈសំខាន់របស់ភាពធន់ផ្លូវចិត្តក្នុងតួនាទីជាគ្រូបង្រៀន ការតានតឹងផ្លូវចិត្ដនិងការនឿយនាយចិត្តកាយ តុល្យភាពផ្លូវចិត្តនិងជំនឿដែលអាចជួយដល់ការអភិវឌ្ឍខ្លួនឯង និងចុងក្រោយគឺការដឹកនាំលំហាត់សម្រាកចិត្តកាយ។ មុននឹងចាប់ផ្តើមកម្មវិធីលោកស្រី នូ ចន្នី អ្នកសម្របសម្រួលគម្រោង MENTALHIGH នៃវិទ្យាស្ថានជាតិអប់រំ បានបង្ហាញ និងណែនាំពីគម្រោង MENTALHIGH ដល់និស្សិត និងបើកកម្មវិធីសិក្ខាសាលា។ និស្សិតបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក ក៏ដូចជាឈ្វេងយល់ពីប្រធានបទដែលបានលើកឡើងជាពិសេសភាពធន់ផ្លូវចិត្ត ការថែទាំខ្លួន និងការអភិវឌ្ឍន៍ខ្លួនឯង។ ក្នុងនោះផងដែរនិស្សិតបានថ្លែងអំណរគុណដល់កម្មវិធីសិក្ខាសាលាដែលបានចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ និងប្រកបដោយសារៈប្រយោជន៍នេះ។ ជាចុងក្រោយ លោកស្រី នូ ចន្នី បានថ្លែងអំណរគុណដល់និស្សិត និងលើកទឹកចិត្តឱ្យបន្តចូលរួមក្នុងកម្មវិធីរបស់គម្រោងដើម្បីយល់ដឹងពីសុខភាពផ្លូវចិត្តបន្ថែមទៀត។