នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ការបណ្ដុះបណ្ដាល និងការគាំទ្រការអភិវឌ្ឍវិស័យមនុស្សសាស្ត្រនៅកម្ពុជា ក្រោមគម្រោង «Manusastra»។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធចំនួន ៥ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (INALCO) និងមជ្ឈមណ្ឌលស្រាវជ្រាវ SeDyL។
កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖ ១). ការបណ្ដុះបណ្ដាល និងគាំទ្រការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ព្រមទាំងការបណ្ដុះបណ្ដាលវិធីសាស្ត្រសិក្សាស្រាវជ្រាវក្នុងវិស័យមនុស្សសាស្ត្រកម្រិតបរិញ្ញាបត្រ ២). ការគាំទ្រកម្មវិធីសញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសា អក្សរសាស្ត្រ និងអរិយធម៌បរទេស និងតំបន់ (LLCER) ដែលផ្ដោតលើការសិក្សាអន្តរវិស័យ និង ៣). ការលើកកម្ពស់ថាមវន្តនៃការស្រាវជ្រាវ ដើម្បីប្រមូលផ្ដុំ និងបង្កើតក្រុមស្រាវជ្រាវចម្រុះអន្តរជាតិវ័យក្មេង តាមរយៈគម្រោង «Manusastra» ។



