នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលគ្រូបង្រៀនជាភាសាបារាំងនៃវិទ្យាស្ថានជាតិអប់រំ ដោយមានកិច្ចសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងដៃគូពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “ការបង្រៀននៅក្នុងបរិបទឌីជីថល និងបញ្ញាសិប្បនិម្មិត” ក្នុងគោលបំណងលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង និងហ្វ្រង់កូហ្វូនីនៅក្នុងតំបន់ ដែលជាព្រឹត្តិការណ៍អមជាមួយសន្និសីទកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ និងមានសមាសភាពអ្នកចូលរួមមកពីប្រទេសប៊ូតង់ កូរ៉េខាងត្បូង ឡាវ ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម ឥណ្ឌា និងកម្ពុជា សរុបចំនួន៨០នាក់។ កម្មវិធីនេះ ក៏ត្រូវបានរៀបចំឡើងស្របពេលដើម្បីអបអរសាទរ “ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ” ផងដែរ។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងចំនួនពីរផ្សេងគ្នា គឺនៅថ្ងៃទី១៦ ធ្វើឡើងនៅសណ្ឋាគារ Anik Palace និងនៅថ្ងៃទី១៧ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ (INE) ក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេលពីរថ្ងៃនេះ មានប្រធានបទសំខាន់ៗជាច្រើនត្រូវបានលើកយកមកបង្ហាញ ពិភាក្សា និងអនុវត្តជាក់ស្តែង ដែលរួមមាន៖
· ការប្រើប្រាស់ល្បែង ជាកម្លាំងជំរុញដ៏សំខាន់ក្នុងការរៀន និងការបង្រៀនភាសាបារាំង។
· ការស្វែងយល់ពីភាពចម្រុះនៃភាសាបារាំងជុំវិញពិភពលោក តាមរយៈការប្រើប្រាស់វចនានុក្រមហ្វ្រង់កូហ្វូន (Dictionnaire des francophones)។
· វិធីសាស្ត្របង្រៀនភាសាបារាំងតាមរយៈរឿងនិទាន ដោយមានការប្រើប្រាស់រូបភាព កាយវិការ និងសកម្មភាពជាក់ស្តែង។
· ការទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) ដើម្បីបម្រើដល់វិស័យអប់រំ និងការណែនាំអំពីការបង្កើតគេហទំព័រខ្នាតតូចផ្ទាល់ខ្លួនសម្រាប់អ្នកសិក្សា។
· ការប្រើប្រាស់ធនធានឌីជីថល របស់ TV5MONDE ÉDU និងទីក្រុងអន្តរជាតិនៃភាសាបារាំង (Cité internationale de la langue française) ដើម្បីយកមកអនុវត្តជាក់ស្តែងក្នុងថ្នាក់រៀន។


