MA In Education

១. សេចក្តីផ្តើម

      និន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ទាំងក្នុងតំបន់​និងពិភពលោក មានគោលបំណងរួម​មួយ​​គឺត្រូវ​សម្រេច​ឱ្យបាន​នូវ​គោលដៅនៃការ​អភិ​វឌ្ឍ​​​ប្រកបដោយចីរភាព ដែលក្នុងនោះគោលដៅទី៤ (SDG-4) គឺ​​ជាកត្តា​ចម្បងក្នុងការសម្រេច​ឱ្យបាន​នូវ​គោលដៅខាងលើ។

     ឆ្លើយតបនឹង​និន្នាការ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញនូវ៖ (១) យុទ្ធសាស្ត្រ​ចតុ​កោណ​​ដំណាក់កាលទី៤ ដោយផ្ដល់អាទិភាពលើវិស័យអប់រំ (២) គោលនយោបាយ​អភិ​វឌ្ឍន៍​ឧស្សាហ​កម្ម ដោយ​​ផ្ដោតទៅលើការកសាងសមត្ថភាព​និងការអភិវឌ្ឍមូលធនមនុស្ស និង(៣) គោល​នយោ​បាយ​អភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០១៤ ដោយផ្តោតលើការ​ប្រែក្លាយបុគ្គលិកអប់រំឱ្យមានសមត្ថភាព       ប្រ​សិទ្ធ​​​​ភាពនិងភាពជឿទុកចិត្តក្នុងការផ្ដល់​និង​គាំទ្រ​សេវា​អប់រំ ដែលជាផ្នែកមួយ​ក្នុង​ការ​អភិវឌ្ឍ​     សមត្ថ​ភាព​​បុគ្គលិក និងស្ថាប័ន។

     ដើម្បីរួមចំណែកក្នុងការសម្រេចបានយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវ​ជន និងកីឡា បានរៀបចំផែនការយុទ្ធសាស្ត្រ​វិស័យ​អប់​រំ ឆ្នាំ២០១៩-២០២៣ ដោយ​បាន​ដាក់​ចេញ​​នូវ​គោលនយោបាយអប់រំចំនួន២គឺ (១) ធានាការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយា​បន្ន និង​​លើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា​ និង (២) ធានាភាព​ស័ក្តិ​សិទ្ធិ​នៃ​​ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការដាក់​ចេញ​​នូវកម្មវិធី​កំ​ណែ​ទម្រង់​ចំនួន​១៥​ចំណុច​​ ឈរលើសសរស្តម្ភចំនួន៥៖ (១) ការអនុវត្តផែនការ​សកម្ម​ភាព​គោល​នយោ​បាយ​​គ្រូបង្រៀន (២) ការកែលម្អកម្មវិធីសិក្សានិងសៀវភៅសិក្សាគោល (៣) ការធ្វើ​អធិ​ការ​កិច្ច​គ្រប់​ជ្រុង​​​​ជ្រោយ (៤) ការពង្រឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និង (៥) ការធ្វើកំណែ​ទម្រង់​ឧត្តម​សិក្សា។ ផែនការយុទ្ធសាស្ត្រ​វិស័យ​អប់​រំ ឆ្នាំ២០១៩-២០២៣ ក៏បានគូសរំលេច​ពីបញ្ហា​ប្រ​ឈម​មួយ​ចំនួននៅក្នុងប្រព័ន្ធអប់រំ ក្នុងនោះ​បញ្ហាប្រឈមជាក់ស្តែងមួយ គឺពាក់ព័ន្ធ​ទៅ​នឹង​​សមត្ថ​ភាព​​ដឹកនាំ និងគ្រប់គ្រងអប់រំ។ ដោះស្រាយបញ្ហាប្រឈមនេះ ពិសេសដើម្បីពង្រឹង​សមត្ថភាព​បុគ្គលិក​អប់រំ​ ទាំង​ចំណេះ​ដឹង​ និងជំនាញ ក្រសួង​ក៏បាន​អភិ​វឌ្ឍ​គោលនយោបាយ​ស្ដីពី​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ (CPD) របស់​បុគ្គ​លិក​អប់រំ និងក្របខ័ណ្ឌ​គន្លង​អាជីព​គ្រូបង្រៀន។

     ក្នុងការអនុវត្តគោលនយោបាយខាងលើ និងដោះស្រាយបញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ គ្រប់​គ្រងនិងដឹកនាំអប់រំ ឱ្យឆ្លើយ​តប​ទៅ​​នឹងតម្រូវការសតវត្សរ៍ទី២១ វិទ្យា​ស្ថាន​​ជាតិ​អប់រំ ដែល​មាន​បេសកកម្មបណ្ដុះបណ្ដាល និងវិក្រឹត្យការគ្រូបង្រៀន អ្នកគ្រប់គ្រងអប់រំ មន្ត្រី​អធិការ​កិច្ច​អប់រំ អ្នក​ធ្វើ​ផែនការអប់រំ និងអ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​បច្ចេក​ទេសអប់រំ បាន​និង​កំពុងរៀបចំ​ក្រប​ខណ្ឌ​កម្មវិធីសិក្សា​សម្រាប់​បណ្តុះបណ្តាល​ថ្នាក់​បរិ​ញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែកគ្រប់​គ្រង​អប់រំ តាមរូបភាពអាហារូបករណ៍ និង​ការ​បង់ថ្លៃសេវាសិក្សា។​​

     ក្របខ័ណ្ឌកម្មវិធីសិក្សានេះ ​ផ្ដល់ឱ្យអ្នកសិក្សាទទួលបាននូវចំណេះ​ ជំនាញ និងឥរិយាបថ តាម     ​រយៈ​ការសិក្សាស្រាវជ្រាវលើ​មុខវិជ្ជា​រួម មុខវិជ្ជាឯកទេស មុខវិជ្ជាជម្រើស និងការសរសេរនិក្ខេបបទ​បញ្ចប់ការសិក្សា។

២. ចក្ខុវិស័យនៃក្របខ័ណ្ឌកម្មវិធីសិក្សា

      ចក្ខុវិស័យនៃក្របខ័ណ្ឌកម្មវិធី​សិក្សា​នេះ គឺអភិវឌ្ឍសមត្ថភាពមន្ត្រីគ្រប់គ្រង​អប់រំ​គ្រប់លំដាប់​ថ្នាក់   ឱ្យមានចំណេះដឹង ជំនាញ និងបំណិន ព្រមទំាងមានកិរិយា​មាយាទ​ គោរព​វិន័យ និងសាមគ្គីភាពល្អ​​ដើម្បីចូលរួមផ្តល់សេវាអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ស្រប​តាម​បរិបទ​នៃការអប់រំ​សតវត្សរ៍ទី២១ ​ក្នុង​ការ​អភិវឌ្ឍ​សង្គមពុទ្ធិ និងវិបុលភាព។                

៣. បេសកកម្មនៃក្របខ័ណ្ឌកម្មវិធីសិក្សា            

      បេសកកម្មនៃ​ក្របខ័ណ្ឌកម្មវិធី​សិក្សានេះ​ គឺបណ្តុះបណ្តាលមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់​ថ្នាក់​ឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញលើ៖ (១) និន្នាការនៃការអប់រំកម្រិតជាតិ តំបន់ និង​អន្តរ​ជាតិ (២) ប្រព័ន្ធអប់រំនៅកម្ពុជា (៣) ផែនការ និងគោលនយោបាយនានាពាក់ព័ន្ធការងារអប់រំ  (៤) ការ​​វិភាគ និងការរៀបចំផែនការអភិវឌ្ឍវិ​ស័យអប់រំ (៥) ការ​ដោះ​ស្រាយហានីភ័យ​នានា​ដែល​ពាក់ព័ន្វ​នឹងវិស័យអប់រំ (៦) ការ​សិក្សា​ស្រាវ​ជ្រាវ​អប់​រំ ស្ថិតិអប់រំ និង​ការ​សរ​សេរ​​និក្ខេ​ប​បទ និង (៧) ការធ្វើ​   អភិ​បាល​កិច្ចល្អ តាមរយៈការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹង​​ការអនុវត្ត​ជាក់​ស្ដែង និងការផ្ដល់សេវាសិក្សា​ប្រកប​ដោយ​​គុណភាព​ជាមួយ​សាស្ត្រា​ចារ្យ​​​ដែលមាន​​​​​​ចំណេះ​ដឹង និង​សមត្ថ​ភាព​។

៤. គោលបំណងនៃក្របខ័ណ្ឌកម្មវិធីសិក្សា

      ក្របខ័ណ្ឌកម្មវិធីសិក្សានេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុងគោលបំណងដើម្បី​អភិវឌ្ឍ​សមត្ថភាព​វិជ្ជា​ជីវៈ​មន្ត្រីអប់រំទាំងផ្នែកចំណេះដឹង និងជំនាញថ្មីៗ ក្នុងការបំពេញតួនាទីជាមន្ត្រី​រដ្ឋបាល​អប់រំ អ្នកធ្វើផែន​ការកម្ម​អប់រំ ​អ្នក​ដឹក​នាំ​និងគ្រប់​គ្រង​អប់រំគ្រប់លំដាប់ថ្នាក់ប្រ​កប​​ដោយក្រម​​​សីលធម៌​វិជ្ជាជីវៈ និងប្រសិទ្ធ​ភាព សម្រាប់​​ធ្វើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និង​​សេដ្ឋកិច្ចសង្គម។                                                                                        

៥. រយៈពេល និងកាលវិភាគនៃក្របខ័ណ្ឌកម្មវិធីសិក្សា

      ក្របខ័ណ្ឌកម្មវិធីសិក្សានេះ មានរយៈពេល០២ឆ្នាំ និងត្រូវចែកចេញជា០២ផ្នែកធំៗគឺ ការ​សិក្សា​ស្រាវ​ជ្រាវក្នុងថ្នាក់មានរយៈពេល១៨ខែ និងការសរសេរនិក្ខេបបទ​មាន​រយៈ​ពេល០៦ខែ។ រីឯកាលវិភាគសិក្សាវិញ ក៏ត្រូវបានបែងចែកជា០២ប្រ​ភេទ​ សម្រាប់​អ្នកសិក្សា​ជ្រើស​រើសដែរ គឺការសិក្សាក្នុងសប្តាហ៍ (ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ) និងការសិក្សាចុងសប្តាហ៍ (ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ)។       

៦. ការកំណត់ក្រេឌីតសិក្សា

     ក្របខ័ណ្ឌនៃកម្ម​វិធី​សិក្សា​នេះ មានចំនួន៤៨ក្រេឌីត និងតម្រូវឱ្យអ្នកសិក្សាចំណាយពេល ០២​ឆ្នាំ​ ដើម្បី​បញ្ចប់ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​ផ្នែកគ្រប់គ្រងអប់រំនៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងរយៈពេល០២ឆ្នាំ​នេះ អ្នក​សិក្សា​ត្រូវ​ធ្វើការសិក្សា និងស្រាវជ្រាវលើមុខវិជ្ជាចំនួន ១៤ (ស្មើនឹង​៤២ ក្រេឌីត) និង​សរ​សេរ​​និក្ខេបបទដែលមានចំនួន ០៦ក្រេឌីតបន្ថែមទៀត។ ដើម្បីទទួលបាន០១ក្រេឌីត អ្នកសិក្សា​ត្រូវ​ចំ​ណាយ​ពេល១៥ម៉ោង ដោយសិក្សាផ្ទាល់​ជាមួយ​សាស្ត្រា​ចារ្យ​ក្នុងថ្នាក់ ឬ៣០ម៉ោងដោយអនុវត្តក្នុងមន្ទីរពិសោធន៍ ឬ៤៥ម៉ោង ដោយធ្វើស្វ័យសិក្សាខ្លួនឯង។

     សម្រាប់ឆ្នាំទី១ អ្នកសិក្សា​ត្រូវរៀន​ចំនួន ១០មុខវិជ្ជា ស្មើនឹង៣០ក្រេឌីត។ ដូច្នេះ អ្នកសិក្សា​ត្រូវ​រៀនចំនួន ០៥មុខវិជ្ជា​នៅ​ឆមាស​ទី១ និង០៥មុខវិជ្ជា​ទៀត​នៅ​ឆ​មាសទី២។ នៅក្នុងឆ្នាំទី២ អ្នកសិក្សា​ត្រូវ​រៀន​ចំនួន ០៤មុខវិជ្ជាបន្ថែមទៀត (ស្មើនឹង១២ក្រេឌីត) ហើយត្រូវសរសេរ​និក្ខេបបទ​ដែល​មាន​តម្លៃ​ស្មើ​នឹង០៦ក្រេឌីត។

     ក្នុងអំឡុងពេលឆមាសទី១ (ក្នុងឆ្នាំទី២)​ អ្នកសិក្សាត្រូវធ្វើការសម្រេចចិត្ត​ជ្រើសរើស​គ្រូណែនាំ​បង្គោលម្នាក់ និង​គ្រូណែនាំរងម្នាក់ ដើម្បីជួយណែនាំក្នុង​ការ​សរសេរ​និក្ខេបបទ។ ក្នុងឆមាសទី២ ឆ្នាំទី២ អ្នកសិក្សាត្រូវ​កំណត់​ប្រធានបទ និង​សរសេរគម្រោងស្រាវជ្រាវ ដោយមានការពិគ្រោះយោបល់​ជាមួយគ្រូ​ណែនាំ​បង្គោល​ និងគ្រូណែនាំរងជាប្រចាំ។

៧. ប្រព័ន្ធចំណាត់ថ្នាក់ពិន្ទុ GPA

     អ្នកសិក្សាទាំងអស់ ត្រូវធ្វើការប្រឡងលើគ្រប់មុខវិជ្ជាដែលបានរៀបចំដោយផ្ទាល់ពីសាស្ត្រាចារ្យ​​​​​ដែលបង្រៀនមុខវិជ្ជាទាំងនោះ។ វិទ្យាស្ថានជាតិអប់រំកំណត់ថា ​អ្នកសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែកគ្រប់គ្រងអប់រំ ត្រូវទទួលបានមធ្យមភាគពិន្ទុសរុបយ៉ាងតិចបំផុតត្រឹម ២.៥០ (ក្នុងប្រព័ន្ធ ៤.០០) ឬ និទ្ទេស C+ ទើបអាចផ្តល់ជូន ឬបញ្ជាក់ជូនសញ្ញាបត្របាន។ ខាងក្រោមនេះ គឺជាប្រព័ន្ធដាក់ពិន្ទុ និងការផ្តល់និទ្ទេស។

រូបមន្តក្នុងការគណនារកមធ្យមពិន្ទុនិទ្ទេសគឺ មធ្យមភាគពិន្ទុនិទ្ទេស ស្មើនឹងផលបូក​នៃផល​គុណ​​រវាងពិន្ទុនិទ្ទេស (P) គុណនឹងតម្លៃក្រេឌីត (C) ចែកនឹងផលបូកនៃចំនួនក្រេឌីតគ្រប់មុខវិជ្ជា។

ពិន្ទុតាមកម្រិត ឬពិន្ទុនិទ្ទេស សមាសភាគភាគរយ ឬថ្នាក់ពិន្ទុ សញ្ញាពិន្ទុជាអក្សរ ឬថ្នាក់និទ្ទេស ការបរិយាយ
៤.០០ ៨៥-១០០ A ល្អ​ប្រសើរ
៣.៥០ ៨០-៨៤ B+ ល្អណាស់
៣.០០ ៧០-៧៩ B ល្អ​
២.៥០ ៦៥-៦៩ C+ ល្អបង្គួរ
២.០០ ៥០-៦៤ C មធ្យម​
១.៥០ ៤៥-៤៩ D+ ខ្សោយ
១.០០ ៤០-៤៤ D ខ្សោយណាស់
០.០០ ០-៣៩ F ធ្លាក់

៨. ការសរសេរនិក្ខេបបទ ការធ្វើសិក្ខាសាលា បាឋកថា និងសកម្មភាពផ្សេងៗ

ការសរសេរនិក្ខេបបទ៖ អ្នកសិក្សាតម្រូវឱ្យចុះប្រមូលទិន្នន័យ​ដើម្បីសរសេរនិក្ខេបបទ​បញ្ចប់​ការ​សិក្សា និងតម្រូវឱ្យធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវតាមដំណាក់កាល​ដែលកំណត់ដោយ​ក្រុម​ប្រឹក្សា​បច្ចេកទេសទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់​ខ្ព​ស់ផ្នែកគ្រប់គ្រងអប់រំរបស់វិទ្យាស្ថានជាតិអប់រំ។ និក្ខេប​​ ប​ទ​​ត្រូវមានចំនួនកំណត់យ៉ាងតិច ៦០ទំព័រ ដោយមិនគិតពីឧបសម្ព័ន្ធ និងឯកសារយោង។

សិក្ខាសាលាឬបាឋកថា៖ អ្នកសិក្សាតម្រូវឱ្យចូលរួមសិក្ខាសាលា ឬបាឋកថាកម្រិតគ្រឹះស្ថាន​សិក្សា​​ ឬកម្រិតជាតិ ឬអន្តរជាតិ យ៉ាងតិច ០១ដងក្នុងវគ្គសិក្សា។

៩. សុចរិតភាពនៃការសិក្សា

អ្នកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំនៅវិទ្យាស្ថានជាតិអប់រំ ត្រូវបង្ហាញ​នូវ​សុចរិតភាពនៃ​ការ​សិក្សា​​របស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ចាប់តាំងពីពេលចូលរៀន​រហូតដល់ចុងបញ្ចប់​នៃ​ការសិក្សា​។ ក្នុងន័យនេះ អ្នកសិក្សា មិនត្រូវដកស្រង់គំនិត សរសេរ ឬចម្លងស្នាដៃផ្សេងៗ​ របស់​អ្នក​ដទៃ​មកធ្វើជាគំនិត ជាស្នាដៃ ឬជាកម្មសិទ្ធិរបស់ខ្លួនឡើយ បើគ្មានការបញ្ជាក់​ពីប្រភព​ច្បាស់​​លាស់នៃឯក​សារ​​​​យោង ឬឯកសារពិគ្រោះ។ បើពុំនោះទេ នឹងត្រូវប្រឈមមុខចំពោះ​ក្រុមប្រឹក្សា​បច្ចេកទេស​ទទួល​បន្ទុក​ថ្នាក់បរិញ្ញាបត្រជាន់​ខ្ព​ស់ផ្នែកគ្រប់គ្រងអប់រំរបស់វិទ្យាស្ថានជាតិអប់រំ តាមរយៈ​ការទទួលពិន័យ ការ​ដាក់​ឱ្យ​រៀន​ត្រួតថ្នាក់ ឬរៀនមុខវិជ្ជានោះឡើងវិញ​ ឬបើធ្ងន់ធ្ងរជាងនេះ នឹងត្រូវលប់ឈ្មោះចេញ​ពី​បញ្ជី​ឈ្មោះ​និស្សិត។

១០. រចនាសម្ព័ន្ធនៃក្របខ័ណ្ឌកម្មវិធីសិក្សា

១០.១. លក្ខណៈសម្បត្តិដើម្បីទទួលសញ្ញាបត្រ

ក្របខ័ណ្ឌនៃកម្ម​វិធី​សិក្សា​នេះ ​មាន ៤៨ក្រេឌីត​ ដែល​ក្នុង​នោះ​រួម​មាន៖

ក. មុខវិជ្ជារួម៖ ត្រូវបាន​រៀប​ចំ​ឡើង​ ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះដ៏​រឹង​មាំ​ទាក់​ទង​នឹង​ការ​

ងារ​​អប់រំ និង​ដើម្បី​អភិវឌ្ឍ​ជំនាញដល់អ្នកសិក្សា​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ

ដែល​មានចំនួន១៥ក្រេឌីត​​ និង​ត្រូវ​សិក្សា​ចំនួន 0៥មុខវិជ្ជា។

ខ. មុខវិជ្ជា​ឯកទេស៖ មាន​គោល​បំណងពង្រឹង​​ជំនាញ​ឯកទេសដល់អ្នកសិក្សា ​ដែល​ពាក់ព័ន្ធ​

នឹងការងារ​គ្រប់គ្រងអប់រំ ដែល​មានចំនួន ២១ក្រេឌីត​ ​និងត្រូវ​សិក្សា​

ចំនួន ០៧មុខវិជ្ជា។

​គ. មុខវិជ្ជា​ជ្រើសរើស៖ មានគោលបំណង​ធ្វើ​ឱ្យអ្នកសិក្សា ​​មានចំណេះ​ដឹងទូលំ​ទូ​លា​យ​​​ និង​មាន

ជំនាញ​ពាក់ព័ន្ធផ្សេង​ទៀត ​ដែល​មានចំនួន ០៦ក្រេឌីត​​ និង​ត្រូវ​សិក្សា​ចំនួន​​ 0២មុខវិជ្ជា។

ឃ. និក្ខេបបទ៖ ពេលបញ្ចប់​ការ​សិក្សា អ្នកសិក្សា ត្រូវសរសេរនិក្ខេបបទ​ថ្នាក់បរិញ្ញា​បត្រ​

ជាន់ខ្ពស់​ ដែល​មានចំនួន ​0៦​ក្រេ​ឌីត​ ក្នុង​គោល​បំណង​​ពង្រឹង​ជំនាញ​

របស់​​អ្នក​សិក្សា​ឱ្យមាន​សមត្ថ​ភាព​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​ប្រធាន​បទ​

ជាក់​លាក់​ណា​មួយ​។

១០.២.  មុខវិជ្ជាសិក្សា

កម្មវិធីសិក្សា លេខ​កូដ អាទិភាព ​ក្រេឌីត
I. មុខវិជ្ជារួម
១. ក្រមសីលធម៌នៃភាពជាអ្នកដឹកនាំការងារអប់រំ MEA 510 ចាំបាច់
២. ចិត្ត​វិទ្យា​អប់រំ MEA 511 ចាំបាច់
៣. សង្គម​វិទ្យា​អប់រំ MEA 512 ចាំបាច់
៤. មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិតិ​ក្នុង​វិស័យ​អប់រំ MEA 513 ចាំបាច់
៥. វិធី​សាស្ត្រ​​ស្រាវ​ជ្រាវ​អប់រំ MEA 514 ចាំបាច់
សរុប​ ១៥
II. មុខវិជ្ជាឯកទេស​
១. បរិបទនៃសង្គមក្នុងការអប់រំ MEA 520 ចាំបាច់
២. រដ្ឋ​បាលអប់រំ ​​ MEA 521 ចាំបាច់
៣. បច្ចេក​វិទ្យាក្នុងការ​គ្រប់​គ្រង និង​​ការរៀននិង​បង្រៀន MEA 522 ចាំបាច់
៤. ការ​អភិវឌ្ឍ​កម្ម​វិធី​សិក្សា MEA 523 ចាំបាច់
៥. ការ​គ្រប់​គ្រង​ធន​ធាន​ថវិកា​ និង​សម្ភាររូបវន្ដនៃការអប់រំ   MEA 524 ចាំបាច់
៦. ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស MEA 525 ចាំបាច់
៧. ការ​តាម​ដាន និង​ការវាយតម្លៃ​អប់រំ MEA 526 ចាំបាច់
សរុប​ ២១

III. មុខវិជ្ជាជ្រើសរើស​ ​(ជ្រើស​រើស ០២មុខវិជ្ជា​ ក្នុង​ចំណោម​ ០៥មុខវិជ្ជា​)

បញ្ជាក់៖ តាមការចំាបាច់ វិទ្យាស្ថានជាតិអប់រំ រក្សាសិទ្ធិក្នុងការដាក់មុខវិជ្ជាជ្រើសរើសទាំង០២មុខនេះ សម្រាប់​ឱ្យ​និស្សិតសិក្សា។

១. ការអប់រំ​នៅកម្ពុជា MEA 530 ជម្រើស
២. ការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងការបំពេញការងារ​ក្នុង​សា​លា MEA 531 ជម្រើស
៣. ការសិក្សាជំនាញសរសេរ​ភាសាអង់គ្លេសកម្រិតខ្ពស់ MEA 532 ជម្រើស
៤. ការគ្រប់គ្រង​អប់រំ​នៅ​គ្រឹះស្ថានសិក្សាឯកជន MEA 533 ជម្រើស

៥. ការគ្រប់គ្រងនិងដឹកនាំភាពផ្លាស់ប្តូរ ប្រសិទ្ធភាពនៃ​ការប្រើ​

ប្រាស់​​ធនធាន និង​ការពង្រឹងបណ្តាញ

MEA 534 ជម្រើស
សរុប​
IV. និក្ខេបបទ ​(ការបញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់)
១. និក្ខេប​បទ​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ MEA 599 ចាំបាច់
សរុប​រួម ៤៨

១០.៣. ការកំណត់ និងការវាយតម្លៃ ដើម្បីផ្ទេរក្រេឌីតសិក្សា

  • អ្នកសិក្សាអាច​ផ្ទេរ​ចំនួន​ក្រេឌីត ឬ​សិក្សាបន្ថែមដើម្បីអាចទទួល​សញ្ញា​បត្របាន។
  • អ្នក​សិក្សា ​ដែលបាន​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ដែលមានមុខវិជ្ជា​សមមូល​​​ទៅ​នឹង​មុខវិជ្ជាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ អាច​ដាក់​ពាក្យ​សុំ​​ផ្ទេរ​ក្រេ​ឌីត​​​បាន។
  • ការ​ផ្ទេរ​ក្រេឌីត​អាច​ផ្តល់​ឱ្យ​អ្នក​សិក្សា​ណា​ដែល​បាន​ដាក់​ពាក្យ​សុំ​តែប៉ុណ្ណោះ ហើយ ​គេ​អាច​ផ្ទេរ​បាន​យ៉ាង​ច្រើន​បំផុតត្រឹម​តែ០៩ក្រេឌីត​ ប៉ុណ្ណោះ​ក្នុង​ចំណោម​ ៤៨​ក្រេ​ឌីត​។
  • សម្រាប់​មុខវិជ្ជាសិក្សា​ណា​ ដែល​គេ​ស្វែង​រក​ការ​សុំ​ជំនួស ឬ​ផ្ទេរ​ក្រេឌីត អ្នកសិក្សា​ត្រូវ​តែ​ដាក់​ច្បាប់​ចម្លង​នៃ​កម្ម​វិធី​សង្ខេប​ដោយភ្ជាប់​ជាមួយ​នឹង​ព្រឹត្តិបត្រ​ពិន្ទុ។
  • ព័ត៌មាន​ពាក់​ព័ន្ធ​លម្អិត សូម​ទាក់​ទង​ដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការ​នៃវិទ្យា​ស្ថាន​ជាតិ​អប់រំ
  • សម្គាល់៖ និស្សិតអាចផ្ទេរក្រេឌីតបាន ប៉ុន្តែនៅរក្សាការបង់ថ្លៃសេវាសិក្សាដដែល (សម្រាប់តែនិស្សិតបង់ថ្លៃសិក្សា)។

១១. ការពិពណ៌នាអំពីមុខវិជ្ជាសិក្សា

MEA 510     ក្រមសីលធម៌នៃភាពជាអ្នកដឹកនាំការងារអប់រំ

    មុខវិជ្ជា​នេះ គឺទាក់​ទង​នឹង​សីលធម៌វិជ្ជា​ជីវៈ​ក្នុង​វិស័យ​អប់រំ​។ អ្នក​សិក្សា​ នឹង​ត្រូវបាន​លើក​​ទឹក​ចិត្ត​​ឱ្យ​ធ្វើ​ការ​ពិចារណា ​ថ្លឹង​ថ្លែង​លើ​ទិដ្ឋភាព​វិជ្ជា​ជីវៈ និង​​បង្កើនការ​វាយ​តម្លៃ​ផ្ទាល់​ខ្លួន​​អំពី​វិជ្ជា​ជីវៈ​អប់រំ។ គោល​គំនិត​ចម្បងៗ ដែលនឹងត្រូវយកមកសិក្សាស្រាវជ្រាវ បង្ហាញ និងពិភាក្សា រួមមានក្រម​សីល​ធម៌​និងសារៈសំខាន់នៃក្រមសីលធម៌ បញ្ញត្តិ​បែប​ទស្សនវិជ្ជា​ដែលមានសារៈ​សំខាន់​ក្នុង​ការសិក្សា​ក្រម​សីល​ធម៌ ក្រមសីលធម៌វិជ្ជាជីវៈ​ដែល​នឹងត្រូវបំបែកទៅជាសីលធម៌សម្រាប់ (សិស្ស គ្រូ​បង្រៀន ​​នាយក​សា​លា​​រៀន និង​អ្នក​ដឹកនាំការងារអប់រំ) និងសម្រង់គំនិតសំខាន់ៗ ពាក់ព័ន្ធ​នឹង​ក្រម​សីល​ធម៌​។ មុខ​វិជ្ជា​នេះ ក៏នឹង​លើក​យកមកបង្ហាញផងដែរនូវខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹង ការដឹកនាំ​និង​ការគ្រប់គ្រង អ្នក​ដឹក​នាំនិង​អ្នក​គ្រប់​គ្រង តួនាទីរបស់អ្នកដឹកនាំនិងអ្នកគ្រប់គ្រង គុណ​ភាព​​នៃអ្នកដឹកនាំ​និង​អ្នកគ្រប់​គ្រង ចរិក​លក្ខណៈ​នៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ភាព​ខុសគ្នារវាងការដឹកនាំនិងការគ្រប់គ្រង បុគ្គលិក​លក្ខណៈ​​ទាំង​១៤​នៃអ្នកដឹកនាំ​និងគ្រប់គ្រង និងទម្លាប់ទាំង៧យ៉ាង​ដែលអ្នកដឹកនាំការងារអប់រំ​ប្រកាន់​យក។

MEA 511     ចិត្តវិទ្យាអប់រំ

    មូលដ្ឋានគ្រឹះ​នៃចិត្តវិទ្យា​ និងសង្គមវិទ្យា​អប់រំ​ត្រូវបាន​លើកយក​មក​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​មុខវិជ្ជានេះដើម្បីអនុវត្ដជាក់ស្ដែងក្នុងវិស័យអប់រំ។​​ របៀបរៀន និងកត្តាផ្សេងៗ​ដែល​​រំខាន​ដល់​ដំណើរ​ការរៀនសូត្រនឹងត្រូវលើកយកមកពិភាក្សា។ គោលវិធីបង្រៀន​ទស្សន​​​​​​វិជ្ជា​​​អប់រំ និងបញ្ហាមួយចំនួន​ទៀត​​នឹងត្រូវបានលើកយកមកពិភាក្សា និងធ្វើការ​សិក្សា ស្រាវ​ជ្រាវ។ អ្នកសិក្សាទាំងអស់​នឹងត្រូវ​បាន​លើក​ទឹកចិត្តឱ្យពិភាក្សា និង​បង្កើត​ទ្រឹស្ដី អប់រំ ដោយ​ខ្លូន​គេ​ផ្ទាល់។ មុខវិជ្ជានេះ​នឹង​គ្របដណ្ដប់​ទៅលើ​ការ​​បង្កើត និង​ការ​អនុវត្ដលើបញ្ញត្ដិនៃ​ទស្សនៈ​​វិស័យសង្គមវិទ្យាដែលទាក់ទង​ទៅនឹង​សង្គម​មូប​នីយកម្ម វប្បធម៌ រចនាសម្ព័ន្ធ​សង្គម និង​ការផ្លាស់ប្ដូរនានា។

MEA 512      សង្គម​វិទ្យា​អប់រំ

    មុខវិជ្ជានេះ ​ផ្ដោតលើ សារៈសំខាន់នៃការអប់រំ បញ្ញតិ្តនានានៃទ្រឹស្តីសង្គមវិទ្យា (យេន ឌ័រនិងភេទ ទម្រង់រដ្ឋនិងរដ្ឋអំណាច ទម្រង់រដ្ឋាភិបាល សង្គមនិងអន្តរកម្មសង្គម សង្គម នីយកម្ម ការអប់រំ​សម្រាប់ទំាងអស់គ្នា ការអប់រំប្រក​ដោយ​ចីរភាព) តួនាទី នៃសង្គម

វិទ្យាអប់រំក្នុងការអភិវឌ្ឍចំណេះដឹងពលរដ្ឋនានា និងសារប្រយោជន៍នៃការអប់រំ នៅក្នុង សង្គមនិងប្រព័ន្ធអប់រំនៅកម្ពុជាដោយផ្តោតលើខ្នាតគំរូរបស់សង្គមនិងអន្តរកម្មសង្គម។

MEA 513     មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិតិ​ក្នុង​វិស័យ​អប់រំ

    មុខវិជ្ជានេះ នឹងរំឮកឡើងវិញនូវបញ្ញត្ដិសំខាន់ៗនៃគណិតវិទ្យា ចំពោះស្ថិតិ ការ​ជ្រើស​រើស​សំណាក​គំរូ និងការប្រើប្រាស់កុំព្យូទ័រ។ ស្ថិតិពិពណ៌នា ការ​គណនា​ពិន្ទុ សំណាក​គំរូ ប្រូបាប តម្រែ​តម្រង់​​លីនេអ៊ែ ណែនាំពីស្ថិតិសន្និដ្ឋាន និង​តេស្ដ​នៃ​សារៈសំខាន់ជា​មូលដ្ឋាននឹងត្រូវ​ពិភាក្សា​ក្នុង​ការ​សិក្សានេះ។

MEA 514      វិធីសាស្ដ្រស្រាវជ្រាវអប់រំ

    មុខវិជ្ជានេះ នឹងផ្ដោតលើមូលដ្ឋានគ្រឹះវិធីសាស្ដ្រស្រាវជ្រាវអប់រំ ដែល​រួម​មាន​ការ​ស្រាវ​ជ្រាវ តាមបែ​ប​គុណភាពនិងបរិមាណ ការជ្រើសរើសសំណាកគំរូ ក្រម​​សីលធម៌ ឧប​ករណ៍​​​ស្រាវ​​ជ្រា​វ និង​លទ្ធ​ផល​អាចយកជាការបាន។ គោល​បំណងនេះ ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការវិភាគត្រិះរិះ​ពិចារណា និង​ដើមី្ប​​ពង្រឹងយុទ្ធសាស្ដ្រ​ឱ្យទទួល​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​ក្នុងការអប់រំ។ ការកំណត់ និងការវាយ​តម្លៃទៅលើ​បញ្ហា​ស្រាវ​ជ្រាវ ការ​ប្រើ​​ប្រាស់​ធន​ធានបណ្ដាល័យ ការ​ប្រមូលទិន្នន័យ និងការសរសេរ របាយ​ការណ៍​ស្រាវ​ជ្រាវ ជាចំណុច​សំខាន់​ក្នុង​មុខវិជ្ជានេះ។ អ្នកសិក្សាអាច៖

  • កំណត់វិធីសាស្ដ្រស្រាវជ្រាវបែបបបរិមាណនិងគុណភាព​ ភាពស្រដៀងនិង​ខុស​​គ្នា និង​ការលើក​ភស្ដុតាង​មួយចំនួនមកប្រើប្រាស់នៅក្នុងទម្រង់នៃ​ការស្រាវជ្រាវ​
  • វិភាគបញ្ហាស្រាវជ្រាវ និងទាញចេញនូវសំណួរស្រាវជ្រាវ​ពាក់ព័ន្ធទៅនឹង​ការ​​អប់រំ​សម្រាប់ធ្វើ​ការ​សង្កេត
  • ប្រើប្រាស់គោលការណ៍ស្រាវជ្រាវដើម្បីបង្កើតការចង្អុលបង្ហាញអំពី​សំណួរ​ស្រាវ​ជ្រាវ
  • កំណត់ និងជ្រើសរើសទ្រឹស្ដ្រី និងបញ្ញត្ដិជាមូលដ្ឋាន​សម្រាប់​បញ្ហា​ស្រាវ​ជ្រាវ​ និង
  • រៀបចំគម្រោងសិក្សាស្រាវជ្រាវ។

MEA 520     បរិបទនៃសង្គមក្នុងការអប់រំ

    មុខវិជ្ជានេះអ្នកសិក្សានឹងត្រូវបានលើកទឹកចិត្តឱ្យពិនិត្យ និងពិភាក្សាលើបញ្ហា​ទាំង​ឡាយ ដែល​​ទាក់ទងក្នុងវិស័យអប់រំបច្ចុប្បន្ន។ មុខវិជ្ជា​នេះ សិក្សា​ពី​ច្បាប់​ស្តី​ពីការអប់រំ​ ច្បាប់​រដ្ឋ​បាល​ ដែល​ទា​ក់ទិន​ទៅ​នឹងកិច្ចការអប់រំ។​ ជាងនេះ​ទៅ​ទៀត​ ស្ថានភាព​ និង​និន្នា​​ការអប់រំ បច្ចុប្បន្ន​ដូចជាមុខវិជ្ជា គោល​នយោបាយ ផ្នែក​ទ្រឹស្តីសង្គម និង​ការ​អនុវត្ត​ជាក់ស្តែង នឹង​ត្រូវបាន​​លើកយកមកសិក្សា។

MEA 521     រដ្ឋ​បាលអប់រំ ​​

     មុខវិជ្ជានេះ មានប្រធានបទដូចខាងក្រោម​ ត្រូវបានលើកយកមកពិភាក្សា៖

  • បញ្ញត្តិនៃការរៀបចំផែនការអប់រំ
  • ការរៀបចំផែនការយុទ្ធសាស្ត្រវិស័យអប់រំ
  • ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា
  • ការរៀបចំផែនប្រតិបត្តិប្រចាំឆ្នាំ
  • ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍសាលារៀននិងផែនប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន

MEA 522     បច្ចេក​វិទ្យាក្នុងការ​គ្រប់​គ្រង និង​​ការរៀននិង​បង្រៀន

     ការបង្កើតបរិយាកាសសិក្សា និងការបង្រៀនជោគជ័យសម្រាប់សិស្ស និង​បុគ្គលិក គឺជា​ប្រ​ធាន​បទ​យ៉ាងសំខាន់នៅក្នុងមុខវិជ្ជានេះ។ មុខវិជ្ជានេះត្រូវ​បានរៀបចំឡើង​ដើម្បី​​ត្រួត​ពិនិត្យ​លើការគ្រប់គ្រង ការបង្រៀន បច្ចេកទេស​គ្រប់​​គ្រង និងជំនាញ​ផ្សេងៗ​ទៀត​ដែល​​ចាំបាច់ក្នុងការចាត់ចែង និងវាយ​តម្លៃ​កម្មវិធីបណ្តុះបណ្តាល។ វា​ផ្តោតផងដែរ​លើ​វិធី​សាស្រ្ត​​សំខាន់​ៗនៃការ​គ្រប់​គ្រង​បុគ្គលិក ការអភិវឌ្ឍ​កម្ម​វិធី​សិក្សា  ការលើកកម្ពស់​ការ​​​បង្រៀន​​តាម​​រយៈ​ការ​ប្រ​មូល​ទិន្នន័យ​ ​ការវាយតម្លៃជាដំណាក់​ ការ​វាយ​តម្លៃ​បញ្ចប់​លើ​ស្តង់​ដា​នៃការ​បង្រៀន និងការអភិវឌ្ឍបុគ្គលិក។ គេរំពឹង​ថាសិក្ខា​កាម​នឹងមាន​ទំនាក់​ទំនង​​ល្អ​ជា​​មួយ​បុគ្គលិក និងសហគមន៍​ព្រោះពួកគេ​ជាអ្នក​បង្កើត​ស្តង់ដារ​សិស្ស វាយ​តម្លៃ​​សិស្ស​​និង​ជួយ​​បុគ្គលិក​ក្នុងការវាយតម្លៃការសិក្សា ដឹកនាំ​ការ​បង្រៀន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និងលើក​កម្ពស់​បរិយា​កាសសាលារៀន​មួយសម្រាប់​ការ​សិក្សា។

វគ្គ​នេះ​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រតិបត្តិ​ការ​កុំព្យូទ័រ ការ​បញ្ចូល​បច្ចេក​វិទ្យា​កុំព្យូទ័រ​ក្នុង​បរិយា​កាស​សិក្សា ទ្រឹស្តី​នៃ​ការ​រៀន ឬ​គម្រោង​ធ្វើបទបង្ហាញ​ដោយ​ប្រើ​បច្ចេក​វិទ្យា និង​ការ​ប្រើ​ប្រាស់​បទ​បង្ហាញ និង​កម្ម​វិធី​កុំព្យូទ័រ​ពាក់​ព័ន្ធ។ ក្រោយ​បញ្ចប់​មុខវិជ្ជា​នេះ​ដោយ​​ជោគ​ជ័យ អ្នក​សិក្សា​នឹង​អាច៖

  • បង្កើន​ចំណេះ​ដឹង​ផ្នែក​ប្រតិបត្តិ​ការ​​កុំព្យូទ័រ ​ត​បណ្តាញ អ៊ីនធឺណែតនិង​គេហ​​ទំព័រ
  • ប្រើ​ប្រាស់​បច្ចេកវិទ្យាពាក់​ព័ន្ធ​ក្នុង​ការ​បង្កើត​សម្ភារ​ឧបទ្ទេស​សិក្សាផ្សេងៗ​
  • ពណ៌នា​អំពីវិធីសាស្រ្តបង្រៀនថ្មីៗ ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​វាយ​តម្លៃ​ការ​អនុវត្ត​​​​​ដែល​មាន​ទំនាក់​ទំនង​ទៅនឹង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ និង​ធន​ធាន​បច្ចេក​វិទ្យា​ក្នុង​កម្ម​វិធី​សិក្សា
  • ពិភាក្សា និង​វិភាគ​បញ្ហា​នានា ​ដែល​ពាក់​ព័ន្ធ​ទៅនឹង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ក្នុង​​វិ​ស័យ​អប់រំ ​រួម​មាន​បញ្ហា​សុវត្ថិ​ភាព សម​ភាព កម្ម​សិទ្ធិ​បញ្ញា និង​ក្រម​សីលធម៌វិជ្ជា​ជីវៈ​នៃ​ការ​ប្រើ​ប្រាស់​​អ៊ីនធឺណែត​ក្នុង​ថ្នាក់​រៀន។ ការបង្កើត​កម្ម​វិធី​​ប្រើ​ប្រាស់បច្ចេក​វិទ្យា​នេះ​មានឡើង​អាស្រ័យ​ទៅ​លើ​​ស្ថាន​ភាព​បណ្តុះបណ្តាល​ជាក់​ស្តែង
  • រៀប​ចំ​តាក់​តែង ឬ​អភិវឌ្ឍកម្ម​វិធី​ដោយ​ប្រើ​បច្ចេក​វិទ្យា​សម្រាប់​ធ្វើ​បទ​បង្ហាញ​
  • ការៀន និងបង្រៀនពីចម្ងាយ។

MEA 523     ការអភិវឌ្ឍកម្មវិធីសិក្សា

    ការអភិវឌ្ឍកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា​ត្រូវ​​បាន​​​​លើក​យក​មក​ពិភាក្សានៅក្នុងមុខវិជ្ជានេះ។ វាផ្តោតសំខាន់លើការធ្វើផែនការការរៀប​ចំ​កម្មវិធីសិក្សា ក៏ដូចជា​ការ​អភិវឌ្ឍ​មុខ​វិជ្ជានីមួយៗ និងទំនាក់ទំនង​របស់វាទៅ​នឹង​​​បេសក​កម្ម​​ កម្មវត្ថុ​ និង​លទ្ធ​ផល។​ មុខវិជ្ជា​នេះ​នឹង៖

  • វិភាគបញ្ហាពីនិន្នាការនានាសម្រាប់រៀបចំ និង​ធ្វើ​ផែនការកម្មវិធី
  • វាយតម្លៃផលប៉ះពាល់នៃភ្នាក់ងារត្រួតពិនិត្យ និងផ្តល់គុណភាព​លើ​ការ​រៀបចំ​កម្ម​វិធីសិក្សា
  • ពិពណ៌នាពីសារៈសំខាន់នៃទ្រឹស្តី​ក្នុងការធ្វើផែនការ និងការរៀបចំ​កម្មវិធី​សិក្សា​
  • ​ វិភាគទៅលើជំនឿ និងគុណតម្លៃនៃការអប់រំជាមូលដ្ឋាន​ព្រមទាំង​ផល​ប៉ះ​ពាល់​​​
  • ពិពណ៌នាទ្រឹស្តីនៃការសិក្សាផ្សេងៗ​ និងការជះឥទ្ធិពល​របស់វា​លើការ​ធ្វើ​ផែន​ការ និងការ​រៀបចំកម្មវិធីសិក្សា។

MEA 524     ការ​គ្រប់​គ្រង​ធន​ធាន​ថវិកា​ និង​សម្ភាររូបវន្ដនៃការអប់រំ

    លំនាំនៃការរៀបចំ ការវិភាគ និងការត្រួតពិនិត្យថវិកា  គឺមានសារៈ​សំខាន់​ណាស់​​សម្រាប់​​ធ្វើ​ចរាចរ​​ហិរញ្ញវត្ថុរបស់ស្ថាប័ន អង្គភាព ឬសេវាកម្មណាមួយ។ បញ្ញត្តិនៃ​ការ​ធ្វើ​​របាយ​ការណ៍​​​ហិរញ្ញវត្ថុ​​​ក៏​ដូច​ជាគោលការណ៍សេដ្ឋកិច្ច​ជាមូលដ្ឋាន ត្រូវបាន​គេយក​មក​អនុវត្ត។ មុខវិជ្ជានេះ​នឹងផ្តោត​សំខាន់​លើ​៖

  • ការរៀបចំ​ និងត្រួតពិនិត្យថវិកា ដូចជាការវិភាគលើការប្រែប្រួលថវិកា​ និង​យុទ្ធ​សាស្រ្ត​​​​​នានា​សម្រាប់ដោះស្រាយនូវការប្រែប្រួលទាំងនោះ។ បង្កើតយុទ្ធសាស្រ្ត​សម្រាប់​​ការត្រួត​ពិនិត្យ​ថវិកា និងការបង្កើតថវិកាជា​សមាសភាគ មួយនៃការធ្វើ​ផែនការ​អាជីវកម្ម​​។
  • ការវិភាគ​​ ការអនុវត្តហិរញ្ញវត្ថុ មានដូចជា វាយតម្លៃការអនុវត្ត​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន ឬការ​ធ្វើ​អាជីវកម្មណាមួយដោយប្រើប្រាស់ តារាងតុល្យភាព របាយ​ការណ៍​ចំណូល ចំណាយ របាយការណ៍លំហូរសាច់ប្រាក់ និង​សមា​មាត្រ​​ហិរញ្ញវិត្ថុ។

MEA 525     ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ

    មុខវិជ្ជានេះពិនិត្យពីតួនាទីរបស់អ្នកជំនាញការធនធានមនុស្ស ដែលជាដៃគូរ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​​គ្រប់គ្រងស្ថាប័ន ឬអង្គភាពនានាក្នុងពេល​បច្ចុប្បន្ន។ មុខ​ងារ​​​សំខាន់ៗ​ដូចជា៖ ការ​តែងតាំង ការ​ជ្រើសរើស  ការអភិវឌ្ឍ  ការវាយតម្លៃ  សំ​ណង​ឬការ​ប៉ះប៉ូវ និងទំនាក់ទំនង​ពលកម្ម​ត្រូវ​បាន​ត្រួត​ពិនិត្យ​។ ផលប៉ះ​ពាល់នានានៃច្បាប់ និងបរិយា​កាស​សកលត្រូវបាន​វាយតម្លៃ ហើយ​បញ្ហា​ថ្មីៗ​ដូចជា៖ ការ​បណ្តុះ​បណ្តាលផ្សេងៗ ការបំពារ​បំពាន​ផ្លូវភេទ និងការកើន​ឡើង​នៃប្រាក់ចំណូលត្រូវបានវិភាគ។ ជម្រើស​​របស់​នយោជក​ក្នុងការអនុវត្ត​ដ៏ល្អ​បំផុត​​ត្រូវបានលើកមកពិភាក្សា។ លើសពីនេះទៅទៀត មុខ​វិជ្ជា​នេះ​ក្តោប​លើ​នីតិកម្ម ការ​វិភាគការងារ និងការ​រៀប​ចំ​ផែន​ការធនធានមនុស្ស ដោយផ្តោតលើ​ការ​ផ្តល់​​បុគ្គលិក​ឱ្យ​ស្ថាប័ន ឬអង្គភាព​មួយ​ឱ្យត្រូ​វនឹងប្រភេទ និងចំនួន​នៃ​នយោ​ជិក​ដែលខ្លួនត្រូវការ​នៅ​ពេល​​ណាមួយ។​ ប្រធានបទ​នានាអាច​រួមបញ្ចូល​ការ​ណែនាំ​បុគ្គលិកថ្មី ការបណ្តុះ​បណ្តាល​​​អក្ខរ​កម្ម​ដំបូង ការអប់រំ​សម្រាប់​អ្នក​ប្រតិ​បត្តិកម្រិតខ្ពស់ កម្មវិធីការអភិវឌ្ឍអាជីព​ដើម្បី​បង្កើន​​ការងារជាក្រុម ការ​អភិវឌ្ឍ​ស្ថាប័ន ឬអង្គភាពក្នុងការឆ្លើយតបទៅនឹង​ការ​ផ្លាស់​​ប្តូរសំណង និងដំណើរ​ការលើ​កិច្ច​ព្រម​ព្រៀង​តម្លៃ។

MEA 526      ការ​តាម​ដាន និង​ការវាយ​តម្លៃ​ការ​អប់រំ

     មុខវិជ្ជានេះមានគោលបំណងត្រួតពិនិត្យទៅលើការបង្រៀន បច្ចេកទេស​ចាត់​ចែង  និង​ជំនាញ​​ផ្សេងៗទៀត​ដែលចាំបាច់ក្នុងការ​គ្រប់គ្រង និងវាយ​តម្លៃ​កម្ម​វិធីសិក្សា។​ វាក៏​ផ្តោត​​​​​ផង​​ដែរទៅលើ​ការ​តាម​ដាន និងវាយតម្លៃ​ពីរបៀប​គ្រប់​គ្រង​​បុគ្គលិក ការអភិវឌ្ឍ​កម្ម​វិធី​សិក្សា ការកែលម្អការបង្រៀន​តាមរយៈ​លទ្ធ​ផល​​​នៃការសិក្សា​ ​​ ការវាយតម្លៃជា​ដំណាក់​ៗ ការ​​​​វាយតម្លៃចុងក្រោយ​តាម​ស្តង់​ដា និងការ​អភិវឌ្ឍ​បុគ្គលិក។

អ្នកសិក្សាត្រូវបានរំពឹងទុកថាអាចបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិក និង​សហ​គម​ ដូចជា​ការ​អភិវឌ្ឍយន្តការ​​វាយតម្លៃ​សិស្ស ជួយបុគ្គលិកក្នុងការវាយ​តម្លៃ​ការសិក្សា បង្កើន​​គុណភាព​បង្រៀនឱ្យ​មានប្រសិទ្ធភាព និងជំរុញ​ឱ្យមាន​បរិយាកាស​សិក្សា​ល្អ​​ក្នុង​សា​លា​រៀន។

MEA 530     ការអប់រំ​នៅកម្ពុជា

     មុខវិជ្ជានេះ​ ផ្តោតសំខាន់លើការពិភាក្សាអំពីរចនាសម្ព័ន្ធ​​​ និងការគ្រប់គ្រង​​វិស័យអប់រំ​នៅ​ចំណេះ​​ទូទៅ​​ក្នុងប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ន។ អ្នកសិក្សា​ត្រូវ​លើកទឹក​ចិត្ដ​ដើម្បីរិះរក​ឯកសារ​​ដែល​មាន​​ស្រាប់ និងសៀវភៅ​សិក្សា​លើ​មាតិកា ដែលទាក់ទង​នឹង​កម្មវិធី​សិក្សា​បច្ចុប្បន្ន រួមមាន៖

  • គោលនយោបាយ
  • វិធីសាស្រ្តបង្រៀន
  • ការត្រួតពិនិត្យ
  • ការចាត់ចែង ការវាយតម្លៃ និងអភិបាលកិច្ចជាប្រចាំ។

វិសាលភាពនៃខ្លឹមសារមេរៀននេះ ត្រូវតែកំណត់ឱ្យបានច្បាស់លាស់ស្ដី​ពី​អភិ​បាល​កិច្ច​ល្អ​នៃ​គ្រប់​ភូមិសិក្សា​ និងគ្រឹះស្ថានឧត្ដមសិក្សាគ្រប់កម្រិតរួមមាន៖ មតេយ្យ បឋម​សិក្សា មធ្យម​សិក្សា​បឋម​ភូមិ មធ្យមសិក្សាទុតិយភូមិ  ថ្នាក់​បរិញ្ញា​បត្រ ថ្នាក់បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត។

មុខវិជ្ជានេះ ជាមគ្គុទ្ទេសក៍ដ៏សំខាន់សម្រាប់​កំណត់លក្ខណៈវិនិច្ឆ័យ​ពីដំណើរ​ការ​​ទទួល​​ស្គាល់​​គុណ​ភាពអប់រំ ដោយគណៈកម្មាធិការទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា។

MEA 531     ការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងការបំពេញការងារក្នុងសាលា

     មុខវិជ្ជានេះផ្តោតសំខាន់ទៅលើអ្នកគ្រប់គ្រងសាលារៀន និងអ្នកដែលទទួល​បន្ទុក​​ការ​គ្រប់​គ្រង​ផ្សេងៗទៀត​។​ គោលបំណងសំខាន់ គឺពង្រឹងការយល់ដឹង​ឱ្យស៊ីជម្រៅអំពី​ទស្សន​​​​វិស័យ​​​​នៃ​ការ​គ្រប់​គ្រង តាមរយៈការបំពាក់​នូវជំនាញ​ច្បាស់​លាស់ ​និងជំរុញ​ពួក​គេ​ឱ្យ​បង្កើត​ផែន​ការគ្រប់គ្រង​ដោយខ្លួនឯង​សម្រាប់​​ឆ្នាំសិក្សានីមួយៗ។​ អ្នកសិក្សាទាំងអស់ នឹង​បញ្ចេញនូវ​ជំនាញ​នៃការគ្រប់​គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​រួម​មាន ទម្លាប់ក្នុងការអនុវត្ត ការ​​បង្កើតយន្តការ​ក្នុង​​ការ​វាយ​តម្លៃ ​​បង្កើតផែនការ​វាយតម្លៃ​ប្រចាំ​ឆ្នាំ​ដោយប្រើកម្រង​ព័ត៌មាន​​សម្រាប់​ប្រមូល​ចង​ក្រងភស្តុតាង​សកម្មភាព​​អនុវត្ត ផ្តល់វគ្គ​បំប៉ន និង​បង្កើតផែន​ការ​អនុវត្ត​នៅពេលអនាគត។

MEA 532     ការសិក្សាជំនាញសរសេរភាសាអង់គ្លេសកម្រិត​ខ្ពស់​

     មុខវិជ្ជានេះ មានគោលបំណងលើកកម្ពស់សមត្ថភាពក្នុងការសរសេរជា​ភាសា​អង់គ្លេស ចំពោះ​​​អ្នកសិក្សាទាំងឡាយ​​ ដែលមានឧបនិស្ស័យ​ក្នុងការ​សរសេ​រអត្ថបទ​ស្រាវជ្រាវ​ផ្សេង​​ៗ​។ វាចាប់ផ្តើម​ពី​ការរំលឹកមូលដ្ឋានគ្រឹះនៃវេយ្យាករណ៍​ និង​ជំនាញក្នុងការ​សរ​សេរ​​​។​ វាក៏គ្របដណ្តប់ទៅលើគន្លឹះ​ជា​ច្រើន​​ផងដែរ ក្នុង​កា​​ររៀបចំកម្រងសំណួរ ការ​ប្រ​មូល​ និង​វិភាគទិន្នន័យ និងរបៀប​នៃ​ការ​សរសេរ​និក្ខេបទ។

MEA 533     ការគ្រប់គ្រង​អប់រំ​នៅ​គ្រឹះស្ថានសិក្សាឯកជន

     មុខវិជ្ជានេះ ផ្តោតទៅលើការបរិយាយពីការបង្កើតការគ្រប់គ្រងជាប្រព័ន្ធ​ និង​អភិបាល​​​កិច្ច​ក៏​ដូច​ជាយន្តការនៃការគ្រប់គ្រងសាលា និងគ្រឹះស្ថាន​សិក្សា​ឯក​ជន។ អ្នកសិក្សា​​​​ត្រូវ​​បាន​ជំរុញឱ្យពិភាក្សា​លើ​ប្រធានបទ​ដែលទាក់ទង​ទៅនឹង​សាលាឯកជន ​រួម​មាន​​​​រចនា​សម្ព័ន្ធ​​ មនុស្ស សិទ្ធិអំណាច គោល​នយោបាយ  ប្រសិទ្ធភាព គុណភាព សេចក្តីសម្រេច ទំនាក់​ទំនង  ភាព​ជា​អ្នកដឹកនាំ និង​បរិយា​កាស​វប្បធម៌ក្នុង និង​ក្រៅសាលា។

MEA 534    ការគ្រប់គ្រងនិងដឹកនាំភាពផ្លាស់ប្តូរ ប្រសិទ្ធភាពនៃ​ការប្រើ​ប្រាស់​​​ធនធាន ​និង​ការ​ពង្រឹង​បណ្តាញ

មុខវិជ្ជានេះ នឹងផ្តោលលើ៖

  • ពង្រឹងទៅលើការគ្រប់គ្រង និងធ្វើការផ្លាស់ប្តូរពីភាពអសកម្ម ទៅភាពសកម្ម​នៃការ​គ្រប់​គ្រងនៅតាមសាលាធនធាន និងសាលាបណ្តាញ
  • បណ្តុះគំនិតថ្មីទៅដល់នាយក/នាយិកា នាយករង/នាយិការង និង​ប្រធាន​ក្រុម​បច្ចេក​ទេស​ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានជូបប្រទះកន្លងមក
  • បង្កើតផែនការថ្មីសម្រាប់ការគ្រប់គ្រងតាមរយៈបទពិសោធន៍នូវភាពជោគជ័យដែលទទួលបានពីសាលាបណ្តាញ និងសាលាធនធាន
  • បង្កើតផែនការគំនិត កំនត់បញ្ហា បង្កើតជម្រើសដោះស្រាយ បង្កើតដំណោះ​ស្រាយ​ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពនៃការផ្លាស់ប្តូរការគ្រប់គ្រងសាលាធនធាន និងសាលាបណ្តាញ។

MEA 599     និក្ខេប​បទ​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់

អ្នក​សិក្សា ​ត្រូវ​យល់​ដឹង​អំពី​ព័ត៌មាន​ដូច​ខាង​ក្រោម​ មុន​ពេល​សរសេរ​និក្ខេប​បទ៖

  • ​បាន​រៀន​ចប់​មុខវិជ្ជា និងទទួលបានក្រេឌីត​ចំនួន៤២ ​ជាមួយ​នឹង​មធ្យម​ភាគ​​​​​ពិន្ទុ​ (GPA) ​យ៉ាង​តិច ២.៥០
  • ប្រធាន​បទនៃ​និក្ខេប​បទ និង​គោល​គំនិតសំខាន់ៗ​សម្រាប់​គម្រោង​​សិក្សា​ស្រាវ​ជ្រាវ​ ទទួល​បាន​ការ​ឯកភាព​ពី​សាស្ត្រា​ចារ្យ​ដឹកនាំបង្គោល និងរង​ ​(​សូម​​អាន​សៀវភៅ​ព័ត៌​មាន​​អំពី​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់)
  • អ្នក​សិក្សា​ម្នាក់ៗ​ត្រូវ​ធា​នា​ថា ​និក្ខេប​បទ​របស់​ខ្លួន​ ត្រូវ​សរសេរ​ឡើង​ជា​បន្ត​បន្ទាប់​ជាមួយ​ការ​ណែ​នាំ និង​កែលម្អ​ពី​សាស្ត្រា​ចារ្យ​ត្រួត​ពិនិត្យ
  • សេចក្តី​ព្រាង​នៃ​និក្ខេប​បទ​ ត្រូវ​តែ​ដាក់​ជូន​គណៈកម្មការ​កម្ម​វិធី​សិក្សា​ថ្នាក់​​បរិញ្ញា​បត្រ​​​ជាន់​ខ្ពស់​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ រិះ​គន់ និង​លើក​ជា​សំ​ណូម​​ពរ​សម្រាប់​​កែ​លម្អ ​ក្រោយ​​ទទួល​បាន​ការ​ឯកភាព​ពី​គណៈ​កម្ម​ការ​​​វាយតម្លៃ​និក្ខេបបទ​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និងការ​ការពារ ឬ​ការ​ធ្វើ​​បទ​បង្ហាញ​​និក្ខេប​បទ​នោះ​នឹង​ត្រូវបាន​រៀប​ចំ​ឡើង​សម្រាប់​អ្នក​សិក្សា​​ម្នាក់ៗ។

១២. ការវាយតម្លៃការបណ្តុះបណ្តាល

    ការវាយតម្លៃនៃការបណ្តុះបណ្តាល គឺជាចំណុចសំខាន់ក្នុងការវាស់ស្ទង់ពីអ្វីដែលអ្នកសិក្សា​អាច​ទទួលបានពីការបណ្តុះបណ្តាលដោយធៀបទៅនឹងវត្ថុបំណងនៃមេរៀននីមួយៗ។​ វិធីសាស្ត្រ​វាយ​តម្លៃទាំងនោះ រួមមាន៖

  • សំណួរផ្ទាល់មាត់
  • កិច្ចការផ្ទះ
  • ការធ្វើកិច្ចការជាក្រុម
  • ការឡើងធ្វើបទបង្ហាញ
  • ការសួរសំណួរ (ដោយប្រើប្រាស់ប្រភេទផ្សេងៗនៃសំណួរ)
  • ការពិភាក្សា
  • ការរៀបចំគម្រោងស្រាវជ្រាវ
  • ការប្រឡងពាក់កណ្តាលឆមាស និង
  • ការប្រឡងបញ្ចប់

ឯកសារយោង

    វិទ្យាស្ថានជាតិអប់រំ (២០១៥) បទប្បញ្ញត្តិស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក គ្រប់គ្រងអប់រំ ភ្នំពេញ វិទ្យាស្ថានជាតិអប់រំ។

វិទ្យាស្ថានជាតិអប់រំ (២០១៨) ផែនការយុទ្ធសាស្រ្តវិទ្យាស្ថានជាតិអប់រំ២០១៩២០២៣  ភ្នំពេញវិទ្យាស្ថានជាតិអប់រំ។

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ខែកញ្ញា ឆ្នាំ ២០១៨។

ក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ខែមីនា ឆ្នាំ២០១៤។

National Institute of Education international. (2020). Report on the Review of NIE-C’s  PRESETT and INSETT Curriculums. Singapore: National Institute of Education International​.

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist