Announcement

Testing

ពិព័រណ៍អប់រំស្តីពីស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២

ពិព័រណ៍អប់រំស្តីពីស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើក ពិព័រណ៍អប់រំស្តីពីស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស និងសាធារណៈជនប្រមាណ១៥០០នាក់។

ពិព័រណ៍អប់រំនេះមានគោលបំណងសំខាន់ៗចំនួន៦ រួមមាន៖ (១)ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈតាមរយៈការផលិតសម្ភារៈឧបទេសបង្រៀន (២)កែច្នៃវិធីសាស្ត្របង្រៀននិងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក (៣)លើកកម្ពស់សមត្ថភាពស្រាវជ្រាវរបស់គរុនិស្សិត និងគ្រូឧទ្ទេសទាំងអស់ទៅលើផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន ការសរសេរសៀវភៅសិក្សាគោល និងការផលិតសម្ភារបង្រៀននិងរៀន (៤)បង្កើតឱកាសប្រឡងប្រណាំងការផលិតនិងប្រើប្រាស់សម្ភារៈរៀននិងបង្រៀន (៥)ផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង និង(៦)បណ្តុះស្មារតីចូលរួមយ៉ាងសកម្មក្នុងការផលិតសម្ភារៈសម្រាប់ការរៀននិងបង្រៀន។

ប្រធានបទសរុបក្នុងកម្មវិធីពិព័រណ៍អប់រំនេះ មានចំនួន៧៩ ដែលត្រូវបានបែងចែងចេញជា២ផ្នែកសំខាន់ៗគឺវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម ដែលបានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+២) ជំនាន់ទី២ ក្នុងដំណើរការសិក្សាកន្លងមក។ ក្នុងនោះដែរ ការផលិតសម្ភារឧបទេសមានចំនួន១៤ប្រធានបទ(១៨%), នវានុវត្តន៍មានចំនួន១៥ប្រធានបទ(១៩%), សៀវភៅកិច្ចតែងការបង្រៀនមានចំនួន១៦ប្រធានបទ(២០%), សៀវភៅលំហាត់ឬសៀវភៅពិសោធន៍មានចំនួន២៦ប្រធានបទ(៣៣%), និងសៀវភៅសិក្សាគោលមានចំនួន៨ប្រធានបទ(១០%)។

ថ្លែងក្នុងកម្មវិធីបើកពិព័រណ៍អប់រំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៤ចំណុច ស្តីពីស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមមាន៖

(១) ចំណេះដឹងវិជ្ជាជីវៈ៖ គ្រូបង្រៀនត្រូវស្គាល់សិស្សឱ្យបានច្បាស់ ដឹងច្បាស់ពីគ្រួសាររបស់សិស្ស គោលនយោបាយអប់រំជាតិ ទ្រឹស្តីក្នុងការរៀបចំកិច្ចតែងការបង្រៀន និងរបៀបរៀនរបស់សិស្ស។ គ្រូបង្រៀនក៏ត្រូវមានចំណេះដឹងជ្រៅជ្រះ មានការស្រាវជ្រាវនិងសរសេរឱ្យបានច្រើន មានគំនិតច្នៃប្រឌិតក្នុងការបង្កើតថ្មី មានចំណេះដឹងគរុកោសល្យ និងអនុវត្តការធ្វើពិសោធន៍ឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់សិស្ស។

(២) ប្រតិបត្តិវិជ្ជាជីៈ៖ គ្រូបង្រៀនត្រូវមានចំណេះដឹងទូលំទូលាយ ពិសេសមុខវិជ្ជាដែលពាក់ព័ន្ធគ្នា និងមានវិធីសាស្ត្របង្រៀនសម្បូរបែប ដែលស្របតាមចំណូលចិត្តរបស់សិស្ស ដូចជាការបង្រៀនតាមបែបបញ្ញត្តិជាដើម។ គ្រូបង្រៀនក៏ត្រូវរៀបចំកិច្ចតែងការបង្រៀននិងសម្ភារបង្រៀន តាមដានការសិក្សារបស់សិស្ស ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសាលារៀន ផ្តល់ការគាំទ្រដល់សិស្សជាប្រចាំ និងបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងរៀន។

(៣) ការសិក្សាវិជ្ជាជីវៈ៖ គ្រូបង្រៀនត្រូវវាយតម្លៃការបង្រៀនរបស់ខ្លួនជាប្រចាំ អភិវឌ្ឍចំណេះដឹងរបស់ខ្លួនលើបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ និងបំណិនក្នុងការប្រើប្រាស់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព ពង្រឹងទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សនិងសហគមន៍ មានចំណេះដឹងទូលំទូលាយលើចិត្តវិទ្យាអប់រំ និងបន្តការរៀនសូត្ររបស់ខ្លួនពេញមួយជីវិតផងដែរ ពិសេសគុណវុឌ្ឍគ្រូបង្រៀនសតវត្សទី២១ ដែលស្របទៅនឹងតម្រូវសង្គមនាពេលបច្ចុប្បន្ន។

និង(៤)សីលធម៌វិជ្ជាជីវៈ៖ គ្រូបង្រៀនត្រូវមានសីលធម៌ វិន័យ ឥរិយាបថល្អ តម្លាភាព យុត្តិធម៌ និងស្មោះត្រង់។ គ្រូបង្រៀនក៏ត្រូវប្រកាន់ខ្ជាប់នូវចរិយាសម្បត្តិល្អ សុជីវធម៌ អាកប្បកិរិយាថ្លៃថ្នូរ ក្នុងការបំពេញការងារក្នុងសាលារៀននិងសហគមន៍ និងបង្ហាញពីភាពជាគំរូដល់សិស្សានុសិស្ស និងសង្គមទាំងមូល។

៣០ សីហា ២០២៤ | វិទ្យាស្ថានជាតិអប់រំ