កំពត៖ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់-បំប៉នសមត្ថភាពស្តីពី«ក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំងនិងកម្មវិធីសិក្សាលម្អិតសម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេស ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា និងភាសាបារាំង-ជីវវិទ្យា» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសមកពីក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានជាតិអប់រំ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន២៧នាក នៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «ការគាំទ្រការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិធីសាស្រ្តបង្រៀនភាសាបារាំង និងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សាបឋមភូមិ» ក្រោមគម្រោងហិរញ្ញវត្ថុ DRAP-8585 INE/AUF របស់ទីភ្នាក់ងារសាកលវិទ្យាល័យនៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង (AUF) និងសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) និងមានគោលបំណងចម្បងចំនួន៣៖
១. ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសលើការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា
២. ពិនិត្យនិងកែសម្រួលក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង (MEF)
៣. ពិនិត្យនិងកែសម្រួលកម្មវិធីសិក្សាលម្អិតសម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេស ភាសា
បារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា និងភាសាបារាំង-ជីវវិទ្យា (១២+២)៕
១១ មីនា ២០២៥ | ខេត្តកំពត