នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីរីករាយបានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាស្តីពី “តោះយើងជជែកពីការថប់បារម្ភ” ដល់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២។ នៅក្នុងសកម្មភាពនេះ គម្រោងបានលើកឡើងនូវខ្លឹមសារសំខាន់ៗដូចជា សុខភាពផ្លូវចិត្ត សារៈសំខាន់នៃសុខភាពផ្លូវចិត្ត បញ្ហាថប់បារម្ភ និងការថែទាំ។ គរុនិស្សិតបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក ក៏ដូចជាស្វែងយល់ពីបញ្ហាផ្លូវចិត្ត ជាពិសេសបញ្ហាថប់បារម្ភដើម្បីជាគន្លឹះក្នុងការជួយខ្លួនឯង និងអ្នកដទៃទាក់ទឹងនឹងបញ្ហានេះ។ ក្នុងនោះផងដែរនិស្សិតបានថ្លែងអំណរគុណដល់កម្មវិធីសិក្ខាសាលាដែលបានចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យនេះ ហើយថ្នាក់ដឹកនាំដែលមានលោក ថៃ ហេង នាយករងនៃវិទ្យាស្ថានជាតិអប់រំក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីនេះផងដែរ។ នេះសរបញ្ជាក់ពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំដល់សកម្មភាពគម្រោងគាំទ្រសុខភាពផ្លូវចិត្តចំពោះមន្ត្រីក្រោមបង្គាប់ និងសិស្សនិស្សិតក្នុងវិទ្យាស្ថានជាតិអប់រំទាំងមូល។