រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ប្រធានគណៈកម្មាធិការ កំណែទម្រង់នៃវិទ្យាស្ថានជាតិអប់រំ បានអញ្ជើញជាសហអធិបតីជាមួយ លោកស្រី អេឡូឌី វីណា អនុព័ន្ធសហប្រតិបត្តិការភាសាបារាំងនៃស្ថានទូបារាំងប្រចាំកម្ពុជា និងជាតំណាងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក្នុងការអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ “ខ្ញុំរៀន ដូច្នេះខ្ញុំធ្វើ! ការអប់រំកសាងពលរដ្ឋប្រកបដោយមនសិការ និងមានបំណិនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក” នៅសាលប្រជុំធំនៃវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិកអប់រំ គ្រូឧទ្ទេស គរុនិស្សិត គរុសិស្ស សិស្សវិទ្យាល័យអនុវត្តនៃវិទ្យាស្ថានជាតិអប់រំ ដៃគូជាតិ និងអន្តរជាតិ សរុបប្រមាណជាង៣០០នាក់។
នៅក្នុងកម្មវិធីបើកនេះ លោកស្រី អេឡូឌី វីណា បានបង្ហាញការចាប់អារម្មណ៍ ដោយផ្ដោតលើ៖
១. សារៈសំខាន់នៃទិវាភាសាបារាំងនេះ ដែលជាថ្ងៃសម្រាប់អបអរសាទរភាសាបារាំង និងការពង្រឹងទំនាក់ទំនងរវាងគ្រូ សិស្ស និងនិស្សិត និងជាការរំលឹកពីការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលកម្ពុជាជាសមាជិកស្ថាបនិកផងដែរ។
២. កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នៅកម្ពុជា ដែលប្រទេសកម្ពុជានឹងក្លាយជាប្រទេសអាស៊ីដំបូងគេដែលធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសវៀតណាមកាលពី៣០ឆ្នាំមុន និងជាឱកាសបង្ហាញសក្តានុពលភាសាបារាំងនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបង្ហាញថាកម្ពុជានឹងទទួលស្វាគមន៍អ្នកនិយាយភាសាបារាំងប្រមាណ៣០០លាននាក់។
៣. សារៈសំខាន់នៃភាសាបារាំងសម្រាប់ប្រទេសកម្ពុជា ដែលមានឯកសារប្រវត្តិសាស្ត្រសំខាន់ៗជាភាសាបារាំង ផ្តល់ឱកាសការងារ និងការសិក្សាជាអាហារូបករណ៍ និងបានបង្ហាញថា គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ នេះ ប្រមាណជា៤០% អាចនិយាយភាសាបារាំង។
៤. កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដែលស្ថានទូតបារាំងបាន និងកំពុងគាំទ្រ វិទ្យាស្ថានជាតិអប់រំ ក្នុងការដំណើរការ និងការអភិវឌ្ឍកម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្រ្តបង្រៀនភាសាបារាំង ការផ្លាស់ប្តូរបុគ្គលិកអប់រំ និងកម្មវិធីបណ្តុះបណ្តាលគរុសិស្ស គរុនិស្សិតភាសាបារាំង នៅប្រទេសបារាំង នឹងបន្តគាំទ្រវិទ្យាស្ថានជាតិអប់រំ តាមរយៈមូលនិធិថ្មីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦សម្រាប់រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ខាងមុខនេះ ហើយមូលនិធិនេះនឹងផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូបង្រៀនភាសាបារាំង ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់កម្មវិធីសិក្សាថ្នាក់បណ្ឌិតផងដែរ។
ចំណែក ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី បានលើកឡើងអំពីចំណុចសំខាន់មួយចំនួនពាក់ព័ន្ធនឹងភាសាបារាំងក្នុងប្រទេសកម្ពុជា ដូចជា៖
១. សារៈសំខាន់នៃការរៀនភាសាបារាំង
២. ទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃភាសាបារាំងមកលើប្រវត្តិប្រទេសកម្ពុជា តាមរយៈការចងក្រងប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ជាភាសាបារាំង
៣. ការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិអប់រំ ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាបារាំង និងការរៀនភាសាបារាំង
៤. ការបន្តគាំទ្រការបណ្ដុះបណ្ដាលគ្រូភាសាបារាំង និងការរៀនភាសាបារាំងឱ្យកាន់ទូលំទូលាយ និងដើម្បីត្រៀមចូលរួមការប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ឆ្នាំ២០២៦។
ជាកិច្ចបន្ត ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី បានដាក់ចេញនូវការងារដែលវិទ្យាស្ថានជាតិអប់រំត្រូវអនុវត្តផងដែរគឺ៖
១. រៀបចំទិវាអន្តរជាតិហ្វ្រង់កូហ្វូនីនៅវិទ្យាស្ថានជាតិអប់រំជារៀងរាល់ឆ្នាំ
២. បន្តបណ្ដុះបណ្ដាលនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិធីសាស្ត្របង្រៀន ភាសាបារាំង
៣. រៀបចំការជ្រើសរើសនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិធីសាស្ត្រ បង្រៀនភាសាបារាំង ជំនាន់ទី៧
៤. បន្តបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាបារាំងកម្រិតមូលដ្ឋាន ១២+២ ឯកទេស បារាំង-គណិត បារាំង-រូបវិទ្យា និងបារាំង-ជីវវិទ្យា
៥. បន្តរៀបចំប្រកាស និងបន្តនីតិវិធីដើម្បីបង្កើត និងដាក់បញ្ចូលមជ្ឈមណ្ឌលជាតិបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាបារាំង ក្រោមមហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ
៦. រៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់មជ្ឈមណ្ឌល ដោយបញ្ចូលការគាំទ្រការរៀន និងបណ្ដុះបណ្ដាលភាសាបារាំង
៧. រៀបចំឯកសារទស្សនាទានជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា (១) ដើម្បីជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+៤) ឯកទេសគណិតវិទ្យា និងវិទ្យាសាស្ត្រ បង្រៀនជាភាសាបារាំង (២) គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+៤) ឯកទេសភាសាបារាំង (៣) គ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) ឯកទេសភាសាបារាំង ក្នុងឆ្នាំសិក្សា ២០២៥-២០២៦
៨. សហការជាមួយភាគីពាក់ព័ន្ធនានាដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ថានទូតបារាំង សាកលវិទ្យាល័យ Franche-Comté ដៃគូជាតិ និងអន្តរជាតិផ្សេងទៀត ដើម្បីពង្រីក និងពង្រឹងការបណ្ដុះបណ្ដាលគ្រូភាសាបារាំង និងការរៀនភាសាបារាំងនៅកម្ពុជា ឱ្យកាន់តែទូលាយបន្ថែមទៀត។
បន្ទាប់ពីបញ្ចប់ពិធីបើកកម្មវិធី មានការសម្ដែងសិល្បៈដូចជា ចម្រៀងភាសាខ្មែរ និងភាសាបារាំង ការសម្ដែងឈុតរឿងខ្លី ដោយគរុសិស្ស គរុនិស្សិត និស្សិតភាសាបារាំង នៃវិទ្យាស្ថានជាតិអប់រំ ព្រមទាំងមានចម្រៀងរបស់សិស្សានុសិស្ស ដែលសិក្សាភាសាបារំាងនៅវិទ្យាល័យអនុវត្ត ប្រកបដោយបរិយាកាសសប្បាយរីករាយ៕
១៨ មីនា ២០២៥ | វិទ្យាស្ថានជាតិអប់រំ