រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ចំនួន១៥ចំណុច ឈរលើសសរស្តម្ភចំនួន៥ សម្រាប់លើកកម្ពស់គុណភាពធនធានមនុស្ស ស្របតាមតម្រូវការទីផ្សារការងារ។
ឈរលើមូលដ្ឋាននេះ វិទ្យាស្ថានជាតិអប់រំ ដែលជាគ្រឹះស្ថានសិក្សាតែមួយគត់ ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដម និងមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់នៅកម្ពុជា បានអនុវត្តផែនការយុទ្ធសាស្ត្រ តួនាទី និងភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសលើការបណ្ដុះបណ្ដាលគ្រូបង្រៀន និងមន្ត្រីគ្រប់គ្រងអប់រំ តាមរូបភាពទាំងការបណ្ដុះបណ្ដាលដំបូង (Pre-service) និងការបណ្ដុះបណ្ដាលបន្ត (In-service)។ ចំពោះការបណ្ដុះបណ្ដាលដំបូង (Pre-service) វិទ្យាស្ថានជាតិអប់រំ បាននឹងកំពុងធ្វើការបណ្ដុះបណ្ដាល (១) គ្រូបង្រៀនកម្រិតឧត្ដមគ្រប់មុខវិជ្ជាឯកទេស (២) គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ (៣) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ (៤) អធិការអប់រំតាមប្រព័ន្ធអធិការកិច្ចថ្មី និង (៥) ការបណ្ដុះបណ្ដាលនាយកសាលា។ ចំពោះការបណ្ដុះបណ្ដាលបន្ត (In-service) វិទ្យាស្ថានជាតិអប់រំបាន (១) ធ្វើការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ដល់អធិការអប់រំមានស្រាប់ ស្ដីពីប្រព័ន្ធអធិការកិច្ចថ្មី (២) បំប៉នសមត្ថភាពគ្រូវិទ្យាល័យលើខ្លឹមសារវិធីសាស្ត្រ និងជំនាញពិសោធន៍វិទ្យាសាស្ត្រ (៣)បណ្ដុះបណ្ដាលមន្ត្រីគ្រប់គ្រងអប់រំថ្នាក់រាជធានី/ខេត្ត លើការរៀបចំផែនការវិស័យអប់រំនៅ កម្ពុជា និង (៤ ) បណ្ដុះបណ្ដាលនាយក នាយិកាវិទ្យាល័យស្ដីពីប្រព័ន្ធអធិការកិច្ចថ្មី។
ក្នុងនាមគណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូឧទ្ទេស នៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះលោក លោកស្រី ប្អូនៗនិស្សិត គរុនិស្សិត និងគរុសិស្ស ដែលមានបំណងចង់បន្តការសិក្សានៅវិទ្យាស្ថានជាតិអប់រំ ដើម្បីទទួលបានអាជីពជាអ្នកគ្រប់គ្រងអប់រំ ជាអធិការអប់រំ និងជាគ្រូបង្រៀនប្រកបដោយគុណវុឌ្ឍិ និងមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាពីរដ្ឋាភិបាលកម្ពុជា ហើយក៏សូមស្វាគមន៍ផងដែរចំពោះដៃគូអភិវឌ្ឍនានា ដែលមានបំណងសហការជាមួយវិទ្យាស្ថានជាតិអប់រំ ក្នុងការរួមចំណែកលើកកម្ពស់ធនធានអប់រំនៅកម្ពុជា។
នៅទីបញ្ចប់ ខ្ញុំសូមគោរពជូនពរឯកឧត្ដម លោក លោកស្រីទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
នាព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងលើកកម្ពស់សុខភាពផ្លូវចិត្តនៅថ្នាក់ឧត្តមសិក្សា ហៅកាត់ថា “MentalHigh” បានប្រារព្ធ ព្រឹត្តិការណ៍កម្មវិធីអប់រំសុខភាព ស្ដីពី ”ការប៉ះទង្គិចផ្លូវចិត្ត ការការពារ និងការថែទាំបឋមដែលត្រឹមត្រូវ” ក្រោមអធិបតីភាព លោក ថៃ ហេង នាយករងវិទ្យាស្ថានជាតិអប់រំ ។ ព្រឹត្តិការណ៍កកម្មវិធីអប់រំសុខភាព ស្ដីពី ”ការប៉ះទង្គិចផ្លូវចិត្ត ការការពារ និងការថែទាំបឋមដែលត្រឹមត្រូវ” មានការចូលរួមពីគ្រូ ឧទ្ទេសចិត្តវិទ្យា (ក្រុមការងារMentalHigh) និងគរុនិស្សិតបរិញ្ញាបត្រ+២ គរុសិស្ស ភាសាបារាំង។គួរបញ្ជាក់ផងដែរគម្រោង “MentalHigh” ទទួលបានការគាំទ្រថវិកាពីកម្មវិធី Erasmus+ នៃសហភាពអ៊ឺរ៉ុប (European Union)។យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់និស្សិត និងបុគ្គលិក តាមរយៈការគាំទ្រយ៉ាងកក់ក្តៅចំពោះការអនុវត្តគម្រោង។
យើងខ្ញុំសូមជូនពរឲ្យថ្នាក់ដឹកនាំ និងគរុនិស្សិតដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។