សេចក្ដីប្រកាសនានា

  

សេចក្ដីផ្ដើម


ផែនការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំ បានរៀបចំឡើងដោយគណៈកម្មការផែនការ និងគ្រប់គ្រងអប់រំ និងមាន ការជួយគាំទ្រពីសំណាក់គណៈកម្មការសម្របសម្រួល និងគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំ។ ផែនការនេះចាប់ ផ្ដើមតាក់តែងឡើងនាខែកក្កដា ឆ្នាំ២០០៩ ហើយបានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១០។ 

ដើម្បីរៀបចំផែនការដ៏មានសារៈសំខាន់នេះគណៈកម្មការបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីវិភាគពីស្ថាន
ភាពបច្ចុប្បន្នរបស់ វិទ្យាស្ថានជាតិអប់រំ ដោយពិចារណាបង្កើតចក្ខុវិស័យសម្រាប់វិទ្យាស្ថាន ព្រមទាំងបាន បន្ស៊ីឲ្យមានលក្ខណៈសម ស្របទៅនឹងគោលដៅនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ 
បន្ទាប់មកគណៈកម្មការបានអភិវឌ្ឍឡើងនូវយុទ្ធសាស្ត្រជាគន្លឹះចំនួន២៩សម្រាប់អនុវត្តដើម្បីធ្វើឲ្យវិទ្យាស្ថានជាតិអប់រំ
មានការរីកចម្រើននាពេលអនាគត។ 

ដំណើរការអភិវឌ្ឍន៍ផែនការនេះ បានប្រព្រឹត្តទៅដោយឈរលើគោលការណ៍ចូលរួម និងកិច្ចពិគ្រោះ យោបល់។ រាល់ចំណុចនីមួយៗដែលបានសម្រេចឡើង សុទ្ធតែត្រូវបានចំណាយពេលវេលាពិគ្រោះយោបល់ជាមួយមន្ត្រី សាស្ត្រាចារ្យ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងភាគីពាក់ព័ន្ធនានា។ រាល់គំនិត ទស្សនៈ និងយោ- បល់ដែលបានលើកឡើងត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងផែនការចុងក្រោយតាមរយៈការប្រជុំក្រុមបច្ចេកទេស និងការធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាច្រើន។ គោលការណ៍ជាមូលដ្ឋានសំខាន់ៗ នៃការរៀប ចំផែនការនេះ បានបង្ហាញនូវភាពម្ចាស់ការ ធានាបាននូវការវិវត្តឈានឡើងរបស់មន្ត្រីគ្រប់គ្រង និងសាស្ត្រាចារ្យ ដែលអាច នឹងកើតមានឡើងនាពេលខាងមុខក្នុងការអនុវត្តផែនការនេះជាក់ជាមិនខាន។ 

ឯកសារផែនការនេះ បានបរិយាយជាសង្ខេបនូវស្ថានភាពបច្ចុប្បន្ន និងការរំពឹងទុកថាវិទ្យាស្ថានជាតិ អប់រំនឹងមានការរីកចម្រើនដូចវិទ្យាស្ថានអប់រំនានាក្នុងតំបន់នាពេលអនាគត។
ផែនការអភិវឌ្ឍន៍នេះបានរៀបរាប់ចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រ ដើម្បីអនុវត្តឲ្យមាន ប្រសិទ្ធ ភាពខ្ពស់ដែលទាមទារឲ្យមានការប្ដេជ្ញាចិត្ត និងការព្យាយាមយ៉ាងមុះមុតផងដែរ។ ផែនការនេះ តម្រូវ ឲ្យមានការរៀប ចំផែនការប្រតិបត្តិប្រចាំឆ្នាំ សម្រាប់តម្រង់ទិសសកម្មភាព ព្រមទាំងជាឧបករណ៍វាយតម្លៃ និងធ្វើរបាយការណ៍រីកចម្រើននានាជូនដល់ភាគីដែលពាក់ព័ន្ធ។ 

គណៈគ្រប់គ្រង មន្ត្រី និងសាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិអប់រំ សង្ឃឹមថាភាគីពាក់ព័ន្ធនានានឹង ចូលរួម យ៉ាងសកម្មក្នុងការអនុវត្តផែនការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំនេះ។ វិទ្យាស្ថានជាតិអប់រំសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានការគាំទ្រតាមគ្រប់មធ្យោបាយ ពីសំណាក់ ភាគីពាក់ ព័ន្ធនានាសំដៅធ្វើយ៉ាងណាឲ្យវិទ្យាស្ថានជាតិអប់រំ "ត្រូវបានទទួលស្គាល់ថាជាស្ថាប័នឈានមុខគេ លើការ បណ្ដុះបណ្ដាលអ្នកស្រាវជ្រាវអប់រំ គ្រូបង្រៀន កម្រិតឧត្ដមមន្ត្រីផែនការអ្នកដឹកនាំ និងអ្នកគ្រប់គ្រងក្នុង វិស័យ អប់រំ "។
ផែនការអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំនេះបានឆ្លងកាត់ការសិក្សាស្រាវជ្រាវត្រួតពិនិត្យនិងវាយតម្លៃដ៏ពេញលេញ អំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងឧបសគ្គនានាដែលកំពុងជួប ប្រទះ សព្វថ្ងៃ។ 

លទ្ធផលស្រាវជ្រាវបានរកឃើញថា វប្បធម៌ការងាររបៀបចាត់ចែង និងរចនាសម្ព័ន្ធរបស់វិទ្យាស្ថានជាតិ អប់រំ ចាំបាច់ត្រូវធ្វើការកែសម្រួលឲ្យប្រសើរឡើង ដើម្បីធ្វើឲ្យវិទ្យាស្ថាននេះ ក្លាយជាគ្រឹះស្ថានឧត្ដមសិក្សាឈាន មុខគេ ព្រមទាំងមានស្តង់ដារខ្ពស់លើការងារស្រាវជ្រាវអប់រំ ការបណ្ដុះបណ្ដាលគ្រូ អ្នកដឹកនាំ និងអ្នកគ្រប់ គ្រងវិស័យអប់រំ។