សេចក្ដីប្រកាសនានា

  

១. ចក្ខុវិស័យ

    មជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈ និងការស្រាវជ្រាវ។

២. បេសកកម្ម

     លើកកម្ពស់ការរៀន និងបង្រៀនសតវត្សរ៍ទី២១ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងអ្នកស្រាវជ្រាវ។

៣. គុណតម្លៃ

គុណភាព៖ វិទ្យាស្ថានជាតិអប់រំខិតខំផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងឱកាសសម្រាប់ការសិក្សាពេញមួយជីវិតតាមរយៈការផ្តល់នូវក្របខណ្ឌ​កម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត និងការបណ្តុះបណ្តាលស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន និង សម្បទាសតវត្សរ៍ទី ២១ ។ ដោយប្រកាន់ជាប់នូវគុណភាពជាស្នូលនៃវិទ្យាស្ថាន វជអ នឹងរួមចំណែកដល់ចក្ខុវិស័យសាលារៀនរបស់ប្រទេសកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំមួយដែលធានានូវការអប់រំប្រកបដោយគុណភាពខ្ពស់សម្រាប់ទាំងអស់គ្នា និងផលិតគ្រូបង្រៀនប្រកបដោយសមត្ថភាព មនសិការ និងវិជ្ជាជីវៈ។ បន្ថែមពីនេះទៀត វិទ្យាស្ថាននឹងផលិតនិស្សិតដែលមានទាំងជំនាញរឹង និងទន់ អាកប្បកិរិយាល្អ បញ្ញាអារម្មណ៍ និងក្លាយជាពលរដ្ឋជាតិ និងពលរដ្ឋសាកលដែលមានគុណភាពខ្ពស់ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក។

សុច្ចរិតភាព៖ វិទ្យាស្ថានជាតិអប់រំ ប្តេជ្ញាចំពោះគោលការណ៍តម្លាភាព គណនេយ្យភាព វិន័យ ភាពស្មោះត្រង់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់នៅក្នុងការអនុវត្តរាល់សកម្មភាពរបស់វិទ្យាស្ថាន។ កិត្តិនាម កិត្យានុភាពរបស់វិទ្យាស្ថានជាតិអប់រំ នឹងការស្វែងរកភាពល្អប្រសើរសម្រាប់គរុនិស្សិត និងនិស្សិត គឺជាគោលការណ៍គ្រឹះរបស់វិទ្យាស្ថាន ។

ឧត្តមភាព៖ ការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានជាតិអប់រំចំពោះឧត្តមភាព គឺការជំរុញទាំងគ្រឹះស្ថាន និងបុគ្គលិកឱ្យខិតខំអនុវត្តខ្ជាប់ខ្ជួននូវរាល់តួនាទី និងភារកិច្ចក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សា ដែលផ្តល់នូវការអប់រំគ្រូបង្រៀន និងតួនាទីជាប្រវត្តិសាស្រ្តនិងប្រពៃណីជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។ ការប្តេជ្ញាចិត្តដើម្បីឧត្តមភាព ត្រូវធ្វើឡើងនៅគ្រប់ទិដ្ឋភាពទាំងអស់របស់ វិទ្យាស្ថាន រួមទាំងកម្មវិធីសិក្សា ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្ត​ ការជ្រើសរើសបុគ្គលិក សេវាកម្មនិស្សិត បរិស្ថាន ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ប្រតិបត្តិការប្រចាំថ្ងៃ និងសេវាសហគមន៍។

នវានុវត្ត​​៖ ក្នុងនាមជាមជ្ឈមណ្ឌលស្រាវជ្រាវអប់រំប្រកបដោយនវានុវវត្ត វិទ្យាស្ថានជាតិអប់រំព្យាយាមអនុវត្តការស្រាវជ្រាវដោយផ្អែកលើភស្តុតាង ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្ត សម្បទាអប់រំសតវត្សរ៍ទី ២១។ វិទ្យាស្ថានជាតិអប់រំ នឹងកំណត់និយមន័យស្តង់ដាឧត្តមភាពឡើងវិញជាប្រចាំ ដើម្បីរក្សាបាននូវភាពឆ្លើយតប និងលើកកម្ពស់គុណភាពប្រកបដោយចីរភាព។

សមធម៌៖ វិទ្យាស្ថានជាតិអប់រំប្តេជ្ញាចំពោះគោលការណ៍មិនលម្អៀង ការគោរពនូវចម្រុះភាព និងជំនឿសាសនាខុសៗគ្នា។ គុណតម្លៃនេះបណ្តុះបាននូវវប្បធម៌គ្រឹះរបស់វិទ្យាស្ថាន ក្នុងការផ្តល់ឱកាសសម្រាប់ឧត្តមភាពនៃការអប់រំដល់មនុស្សគ្រប់រូប ដោយមិនគិតពីចំណុចចាប់ផ្តើមរបស់ពួកគេ។