កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+២) នៅវិទ្យាស្ថានជាតិអប់រំ
កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្ដម(បរិញ្ញាបត្រ+២) នៃវិទ្យាស្ថានជាតិអប់រំត្រូវបានបង្កើតឡើងដោយផ្អែកលើទស្សនវិជ្ជាអប់រំ ភាពជឿជាក់ ការតម្រង់ទិស ទ្រឹស្តីនៃការរៀន-បង្រៀន និងតម្រូវការសង្គម នាយុគសម័យឌីជីថល តាមរយៈទស្សនៈអប់រំបែបជឿនលឿន និងទស្សនវិជ្ជាអប់រំបែបស្ថាបនានិយម ដោយជឿជាក់ថា កម្មវិធីបណ្តុះ បណ្តាលពហុមុខវិជ្ជានេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើជំនាញទូទៅនៅក្នុងដំណាក់កាលដំបូង និងបំណិនការងារប្រតិបត្តិវិជ្ជាជីវៈនៅដំណាក់កាលបន្ត។
ចក្ខុវិស័យនៃកម្មវិធីបណ្តុះបណ្តាលគ្រូនេះ គឺកសាងជួរគ្រូបង្រៀនឱ្យមានសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដោយផ្តោតលើចំណេះដឹងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានលក្ខណសម្បត្តិពេញលេញសម្រាប់កសាងសង្គមពុទ្ធិ និងវិបុលភាព។
កម្មវិធីបណ្តុះបណ្តាលគ្រូនេះ មានគោលបំណងបណ្ដុះបណ្ដាលគរុនិស្សិតឱ្យក្លាយទៅជា៖
នៅពេលបញ្ចប់ការបណ្តុះបណ្តាលនេះ គរុនិស្សិតនឹងទទួលបាននូវកញ្ចប់សមត្ថភាពដូចជា ចំណេះដឹងវិជ្ជាជីវៈ បំណិនវិជ្ជាជីវៈ លក្ខណសម្បត្តិបុគ្គល ក្រមសីលធម៌វិជ្ជាជីវៈ និង ការអភិវឌ្ឍវិជ្ជាជីវៈ និងការសិក្សាពេញមួយជីវិត។
កម្មវិធីបណ្ដុះបណ្ដាលនេះ មានចំនួន ៤៨ក្រេឌីត ដែល១ក្រេឌីតស្មើ១៥ម៉ោងសិក្សា និងតម្រូវឱ្យគរុនិស្សិតចំណាយពេល២ឆ្នាំក្នុងការសិក្សា ដោយផ្ដោតលើ៥ផ្នែកធំៗ រួមមាន មុខវិជ្ជារួមនៃឯកទេស(១៧ក្រេឌីត) មុខវិជ្ជាស្នូលនៃឯកទេស(១៥ក្រេឌីត) មុខវិជ្ជាជម្រើស(៦ក្រេឌីត) កម្មសិក្សាគរុកោសល្យ(៤ក្រេឌីត) និង ការសរសេរនិក្ខេបបទ(៦ក្រេឌីត) ជាមួយកញ្ចប់មុខវិជ្ជាពីរទៀត ដោយមិនផ្តល់ក្រេឌីតគឺ សីលធម៌វិជ្ជាជីវៈគ្រូបង្រៀន-រដ្ឋបាលអប់រំ និងសិល្បៈ-វប្បធម៌ខ្មែរ។
គរុនិស្សិតនឹងត្រូវប្រកាសថា មានសិទ្ធិប្រឡងចេញ លុះត្រាតែបានមធ្យមពិន្ទុនៃការប្រឡងបញ្ចប់តាមមុខវិជ្ជានីមួយៗចាប់ពីមធ្យមពិន្ទុ៦៥.០០% ឬGPA 2.50 ឡើងទៅ។ សម្រាប់ការប្រឡងចេញ គរុនិស្សិតដែលប្រឡងជាប់ត្រូវបានកំណត់ដោយប្រើពាក្យពេញចិត្ត(S = Satisfied) ចំណែកឯគរុនិស្សិតដែលប្រឡងធ្លាក់ត្រូវបានកំណត់ដោយប្រើពាក្យមិនពេញចិត្ត(U = Unsatisfied)។ គរុនិស្សិតដែលបំពេញគ្រប់លក្ខខណ្ឌទាំងអស់នៃកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្ដម(បរិញ្ញាបត្រ+២)របស់វិទ្យាស្ថានជាតិអប់រំ នឹងទទួលបានសញ្ញាបត្របរិញ្ញាជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម។