សេចក្ដីប្រកាសនានា

  

កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+១) នៅវិទ្យាស្ថានជាតិអប់រំ

 

កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+១)​ នៃវិទ្យាស្ថានជាតិអប់រំ ត្រូវបានបង្កើតឡើងដោយផ្អែក លើទស្សនវិជ្ជាអប់រំ ភាពជឿជាក់ ការតម្រង់ទិស ទ្រឹស្តីនៃការរៀននិងបង្រៀន និងតម្រូវការសង្គមនាយុគ សម័យឌី​ជី​ថល តាមរយៈទស្សនវិជ្ជា​អប់រំបែបរីកចម្រើន និងទស្សនវិជ្ជាអប់រំ​បែបស្ថាបនានិយម ​ដោយ ជឿជាក់ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ពហុមុខវិជ្ជានេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើជំនាញ​ទូទៅនៅ ក្នុង​ដំណាក់​កាល​ដំបូង និងបំណិននិងការ​ងារ​ប្រតិបត្តិវិជ្ជាជីវៈនៅដំណាក់កាលបន្ត។ កម្មវិធីបណ្តុះ បណ្តាលនេះក៏នឹង​បំពាក់​នូវ​មូល​ដ្ឋានគ្រឹះទាំងខាងផ្នែកបញ្ញត្តិ និងទ្រឹស្តីរឹងមាំ ដល់អ្នក​សិក្សាឱ្យមានឱកាស គ្រប់គ្រាន់ ដើម្បីយកចំណេះ​ដឹង និងបំណិនទាំងនោះ ទៅប្រើប្រាស់​ក្នុង​លក្ខខណ្ឌការងារជាក់ស្តែង។

  • ចក្ខុវិស័យ     

ចក្ខុវិស័យនៃកម្មវិធីបណ្តុះបណ្តាលគ្រូនេះ​ គឺកសាងជួរគ្រូបង្រៀន ឱ្យមានសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដោយផ្តោតលើចំណេះដឹងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ វិជ្ជាជីវៈ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមាន លក្ខណៈសម្បត្តិពេញលេញសម្រាប់កសាងសង្គមពុទ្ធិ និងវិបុលភាព។

  • គោលបំណង

កម្មវិធីបណ្តុះបណ្តាលគ្រូនេះ មានគោល​បំណងបណ្ដុះបណ្ដាលគរុនិស្សិតឱ្យក្លាយទៅជា៖

  1. គ្រូបង្រៀនកម្រិតឧត្ដមប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  2. អ្នកស្រាវជ្រាវអប់រំដែលមានការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃការសិក្សារបស់សិស្សប្រកប​   ដោយ​សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
  • លទ្ធផលរំពឹងទុក

នៅពេលបញ្ចប់ការបណ្តុះបណ្តាលនេះ គរុនិស្សិតនឹងទទួលបាននូវកញ្ចប់​សមត្ថភាពដូចជា ចំណេះដឹងវិជ្ជាជីវៈ​ បំណិន​វិជ្ជាជីវៈ លក្ខណសម្បត្តិបុគ្គល ក្រមសីលធម៌វិជ្ជាជីវៈ និង ការអភិវឌ្ឍវិជ្ជាជីវៈ និងការសិក្សាពេញមួយជីវិត។

  • ចំនួនក្រេឌីតនិងមុខវិជ្ជា

កម្មវិធីបណ្ដុះបណ្ដាលនេះ មានចំនួន ៤៣ក្រេឌីត ដែល១ក្រេឌីតស្មើ១៥ម៉ោងសិក្សា និងតម្រូវឱ្យគរុនិស្សិត​ចំណាយពេល១ឆ្នាំក្នុងការសិក្សា ដោយផ្ដោតលើ៤ផ្នែកធំៗរួមមាន​ មុខវិជ្ជាសិក្សាអប់រំ​(២០ក្រេឌីត) មុខវិជ្ជាកម្មវិធីសិក្សា​(១៥ក្រេឌីត) មុខវិជ្ជា​ជម្រើសភាសាបរទេស (២ក្រេឌីត) និងកម្មសិក្សាគរុកោសល្យ(៦ក្រេឌីត) ជាមួយកញ្ចប់មុខវិជ្ជាពីរទៀត ដោយ​មិនផ្តល់​ក្រេឌីត​គឺ សីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងរដ្ឋបាលអប់រំ និង សិល្បៈ និងវប្បធម៌ខ្មែរ។

  • ការប្រឡងវាស់ស្ទង់គុណសម្បត្តិ

គរុនិស្សិតនឹងត្រូវប្រកាសថា ប្រឡងជាប់ជាស្ថាពរ លុះត្រាតែបានមធ្យមពិន្ទុនៃការប្រឡងបញ្ចប់ ការបណ្ដុះបណ្ដាលចាប់ពីមធ្យមពិន្ទុឡើងទៅ (ពិន្ទុ៥០.០០ ឬ GPA 2.00)។ បើគរុនិស្សិតណាបានពិន្ទុ នៃការប្រឡងបញ្ចប់ ក្រោមមធ្យមពិន្ទុ នឹងត្រូវប្រកាសថា​ “ធ្លាក់“ និង​ចេញ​ត្រឹម​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​​ ដោយមិនចេញសញ្ញាបត្រគ្រូបង្រៀន​កម្រិតឧត្តមជូនឡើយ  តែអាចទៅ​បម្រើការងារ​តាមប៉ុស្តិ៍ដែល​ខ្លួន​បាន​ជ្រើសរើស​ ​ហើយត្រូវ​ទទួលការវា​យតម្លៃ​ពី​អង្គភាព​សាមី និងគ្រូឧទ្ទេស​មុខវិជ្ជា​ឯកទេសរបស់ វិទ្យាស្ថានជាតិអប់រំ ទើបចេញ​សញ្ញាបត្រគ្រូ​បង្រៀន​កម្រិត​ឧត្តមជូនជាមួយវគ្គបណ្តុះបណ្តាលបន្ទាប់។